ដំណឹងល្អៈ ក្រុងសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន ក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

ដោយៈសុផារី

សៀមរាបៈ ក្រុងសៀមរាបនៃខេត្តសៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨កន្លងទៅហើយទីក្រុងនេះ នឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ។

ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយ សាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង និងការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍ ទីក្រុងឆ្លាតវៃអាស៊ានក្នុងឆ្នាំ២០២២ផងដែរ។ នេះបើតាមប្រសាសន៍របស់លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប និងពីធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំ ជាមួយភាគីជប៉ុន កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលី សំរិទ្ធបានបន្ថែមថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃ របស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ ដើម្បីដាក់ការស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅនេះ។

ជាការឆ្លើយតប JICA បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

នៅក្នុងដើមឆ្នាំ២០២០កន្លងទៅ JICA បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម ទៅលើការរៀបចំទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នៃការប្រមូលព័ត៌មានក្នុងការរៀបចំ ទីក្រុងឆ្លាតវៃ សម្រាប់ក្រុងសៀមរាប ខណៈការសិក្សាប្រមូលព័ត៌មានបឋម ពីការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ទន្ទឹមគ្នានឹងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពី JICA ក្រុងសៀមរាប នៃខេត្តសៀមរាបក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្រេច ក្នុងការផ្តល់នូវថវិកាចំនួន១៥០លានដុល្លារអាមេរិក ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបផងដែរ។

លោកក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រ តាមរយៈការផ្តល់នូវជំនួយផ្សេងៗដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ ជាក់ស្តែង ពេលនេះ JICA បានធ្វើការផ្តល់នូវជំនួយបច្ចេកទេស ក្នុងការសិក្សា និងរៀបចំទីក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here