ដោយ៖ លក្ខិណា
ភ្នំពេញ ៖ សហគ្រិនក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជាក្នុងខេត្តបាត់ដំបងទទួលបានការគាំទ្រពីក្រសួងមន្ទីរសាម៉ី ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិក-អាហារនិងវិស័យទេសចរណ៍ ក្រោយពីវិបត្តិកូវីដ១៩ ។
នៅថ្ងៃទី២៦ តុលា២០២១ ក្រសួងនិងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង សហការជា មួយដៃគូរអភិវឌ្ឍន៍នានា បានផ្តល់នូវការបណ្តុះបណ្តាលស្តីពី គាំទ្រការស្តារសហគ្រាសក្នុងវិស័យកសិ-អាហារនិងវិស័យទេសចរណ៍ ក្នុងបវិបត្តិនៃជំងឺកូវីដ១៩ ដល់សហគ្រិន សហករ និងផលិតករ ក្នុងសហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តបាត់ដំបង នា ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ដែលបាននិងកំពុងជួបប្រទះការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនេះ ។
លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា វាពិតជាមានមោទនៈភាពណាស់ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO) បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្សព្វផ្សាយគម្រោងការស្តារសហគ្រាសក្នុងវិស័យកសិ-អាហារនិងវិស័យទេសចរណ៍ ស្របពេលដែលសហគ្រិន សហករ និងផលិតករ ក្នុងសហគ្រាសធុនតូចនិងមធ្យម កំពុងជួបប្រទះការលំបាកនៃការរីករាលដាលនៃជំងឺកូរីដ១៩។
លោកបន្ត សហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម ក្នុងខេត្តបាត់ដំបង មានចំនួនប្រមាណជាង៨០០មូលដ្ឋាន ប៉ុន្តែសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មកែឆ្នៃកសិផលមានចំនួនតិចតួចនៅឡើយ។ បច្ចុប្បន្នខេត្តបាត់ដំបង មានសហគ្រាសធុនមធ្យមសម្ងួតផ្លែឈើរបស់ក្រុមហ៊ុនមីសូតានិងសហគ្រាសធុនតូចណាវីតា ដែលបាននឹងកំពុងកែឆ្នៃផ្លែឈើ ដូចជាស្វាយ ម្នាស់ ផ្លែស្រកានាគ ប៉េងប៉ោះ ឆែរី ផ្លែតាង៉ែន។ ថ្មីៗនេះផងដែរក្រុមហ៊ុនណាវីតា បានផលិតមៀនកែវ ដែលបានទទួលការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបរិភោគ ហើយគ្រោងនិងផលិតនូវផលិតផលថ្មីៗបន្ថែមទៀត ដោយសហគ្រាសបានចុះអនុស្សារណៈជាមួយសហគមន៍កសិករនៅស្រុកភ្នំព្រឹកផងដែរ។ ចំណែករោងចក្រធុនធំវិញ មានចំនួនត្រឹមតែ១៧រោងចក្រតែប៉ុណ្ណោះ ហើយពុំមានរោងចក្រកែឆ្នៃអាហារឡើយ ។
លោកបានបន្ថែមថាសហគ្រាសធុនតូច មធ្យមនិងសិប្បកម្មគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋតាមរយៈការផ្តល់ការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសាររបស់គាត់។ អ្វីដែលសំខាន់សូមឲ្យមានការជួយគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចមធ្យមនិងសិប្បកម្ម ដើម្បីជួយលើកកម្ពស់វិស័យSME ក្នុងខេត្តបាត់ដំបងកាន់តែមានការរីកចម្រើន ។
រដ្ឋាភិបាលចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ចបណ្ដើរៗវិញហើយបន្ទាប់ពីស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពធូរស្រាលឡើងវិញ ហើយបណ្ដាអាជីវកម្មនិងធុរកិច្ចជាច្រើនក៏ចាប់ផ្ដើមក្នុងការរៀបចំដំណើរការអាជីវកម្មរបស់ខ្លួនដែលប៉ះពាល់ពីមុនមកឡើងវិញផងដែរ ៕