ដោយ: លក្ខិណា
ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េខាងត្បូងបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦តុលា២០២១នេះហើយ ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជារំពឹងថានឹងអាចបង្កើនការនាំចេញផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង បន្លាស់ ឧបករណ៍ អេឡិចត្រូនិក កៅស៊ូនិងផលិតផលកសិកម្ម ទៅកាន់ប្រទេសកូរ៉េបន្ថែមតៀត នៅពេលកិច្ចព្រមព្រងពាណិជ្ជកម្មសេរីនេះ ចូលជាធរមាន ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦តុលា២០២១នេះឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនេះបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសសាធារណរដ្ឋកូរ៉េ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាគំនិងផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមីនា ២០១៩កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។
តាមក្រសួងពាណិជ្ជកម្មកម្ពុជាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េ ត្រូវបានប្រកាសបើកការចរចាជាផ្លូវការនៅថ្ងៃទី០៩ ខែកកក្កដា ២០២០តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន១២លើក មុននឹងឈានដល់ការចុះហត្ថលេខានាពេលនេះ ។ នេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងម៉ោះមុតរបស់ភាគីទាំងពីរក្នុងការជំនះពុះពាររាល់ឧបសគ្គ ទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកដែលបង្កឡើងដោយជំងឺកូវីឌ១៩រហូតសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ ។
កិច្ចព្រមព្រៀងនេះមានចំនួន១០ជំពូក មាន១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធចំនួន៩ ដែលគ្របដណ្ដប់លើពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមាន ស្ដង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃ ភាព អនុលោមវិធានាករអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្ដប់ផងដែរ លើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើតនីវិតវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាពយន្តការដោះស្រាយវិវាទអញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ៕