កម្ពុជារំពឹងទទួលបានចំណូលពីកាស៊ីណូនិងឆ្នោតកើនឡើងប្រមាណ ១៥ ភាគរយ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោតផ្សេងៗ ចូលថវិកាជាតិ អាចនឹងប្រមូលចំណូលបានលើសផែនការ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០ ក្នុងរង្វង់ប្រប្រមាណ១៥ ភាគរយ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីលទ្ធផលនៃការអនុវត្តកាលពីពេលថ្មីៗនេះថា នៅក្នុងឆមាសទី១នេះដែរ ក្នុងនោះចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោតផ្សេងៗ អនុវត្តបានចំនួន ១៤០ ប៊ីលានរៀល (ប្រមាណ៣៥លានដុល្លារ) ស្មើជាង ៦៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលអនុវត្តបានត្រឹមតែ ៤,៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុប៉ុណ្ណោះ។ បើគិតជាសាច់ប្រាក់ ចំណូលនេះមានការកើនឡើងជាង ១ ១០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ បានឱ្យដឹងថា “បើតាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២០ ការប្រមូលចំណូលប្រភេទនេះ ពីចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោត អាចសម្រេចលើសច្បាប់ហិរញ្ញវត្ថុក្នុងរង្វង់ប្រមាណ ១៥ភាគរយ”។

ចំណូលមិនមែនសារពើពន្ធ ដែលមានបីផ្នែកសំខាន់ៗរួមមាន ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត ក្រៅពីទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូលកាតព្វកិច្ចពីឆ្នោត ក្នុងឆមាសទី១ នៅឆ្នាំ ២០២០ អនុវត្តបានល្អទាំងបីផ្នែក និងត្រូវបានប៉ាន់ស្មានថា រហូតដល់ដំណាច់ឆ្នាំ ២០២០ ចំណូលមិនមែនសារពើពន្ធ អាចនឹងសម្រេចបានប្រមាណ ៧២,១% ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២០។

ជាមួយគ្នានេះ ថវិកាឆមាសទី១ និងលទ្ធផលនៃការប៉ាន់ស្មាន នៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ក្នុងនោះសម្រាប់ការប្រមូលចំណូលពីទ្រព្យសម្បត្តិរដ្ឋ អនុវត្តបានចំនួន ៣៦៧ ប៊ីលានរៀល (ប្រមាណ ៩១,៧លានដុល្លារ) ស្មើនឹង ១៣៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ, ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ គឺអនុវត្តបានជិត ១៤១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ, ក្នុងនោះ បើគិតចំណូលជាសាច់ប្រាក់ មានកំណើនជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ បញ្ហានេះ ដោយសារមានការកើនឡើងខ្ពស់ នូវប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ និងការកើនឡើងចំណូលពីការជួលអចលនទ្រព្យ ដែលជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព នៃកិច្ចសន្យាជួលអចលនទ្រព្យរបស់រដ្ឋ។

ចំណែកចំណូលមិនមែនសារពើពន្ធផ្សេងៗ ក្រៅពីទ្រព្យសម្បត្តិរដ្ឋ អនុវត្តបានជាង ២៦ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលអនុវត្តបានជាង ៣៩% នៃច្បាប់ហិរញ្ញវត្ថុ បើគិតចំណូលជាសាច់ប្រាក់មានការថយចុះជាង ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here