ការចំណាយសម្រាប់ទប់ស្កាត់កូវីដ១៩របស់រដ្ឋាភិបាលក្នុងឆ្នាំ២០២១នេះអាច ឡើងដល់១ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ឆ្នាំ២០២១នេះ ជាឆ្នាំដែលកម្ពុជាបានជួបប្រទះ នឹងវិបត្តិជំងឺកូវីដ១៩ធ្ងន់ធ្ងរហើយការចំណាយ របស់រដ្ឋាភិបាលក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលអាចចំណាយ កើនឡើងដល់ប្រមាណ១ពាន់លានដុល្លារអាមេរិក ធៀបនឹងការគ្រោងទុកពីដើមឆ្នាំត្រឹមតែ៣០លានដុល្លារអាមេរិក។នេះបើតាមសេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់នេះឱ្យដឹងថា តាមការព្យាករណ៍ថ្វីត្បិតតែសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមងើបឡើងវិញ នៅក្នុងឆ្នាំ២០២១នេះ និងឆ្នាំ២០២២ខាងមុខក្ដី ក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមាន បណ្ដាលមកពីជំងឺកូវីដ១៩ នៅមិនទាន់ថមថយនៅឡើយ។ មួយវិញ កម្លាំងនិងល្បឿន នៃការងើបឡើងវិញនេះទៀតសោត ក៏នៅតែមានកម្រិតខុសគ្នាពីប្រទេ​សមួយទៅប្រទេសមួយ ដោយសារតែគម្លាតនៃអត្រាការចាក់វ៉ាក់សាំង ការអនុវត្តនូវវិធានការអន្តរាគមន៍ ទាំងផ្នែកសុខាភិបាល និងទាំងផ្នែកសេដ្ឋកិច្ច តាមរយៈប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ រួមទាំងប្រសិទ្ធភាពនៃការអនុវត្តវិធានការ គាំទ្រផ្សេងទៀត ជាពិសេសសមត្ថភាពសម្របខ្លួនទៅនឹងវិបត្តិ និងការកែទម្រងរចនាសម្ព័ន្ធបង្កើនសមត្ថភាព ប្រកួតប្រជែងសំដៅក្ដាប់ឱ្យជាប់នូវកាលានុវត្តថ្មីៗ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងន័យនេះ កម្ពុជាត្រូវបន្តគ្របគ្រងសភាពការណ៍ វិបត្តិនៃជំងឺកូវីដ១៩ ឱ្យបានល្អប្រសើរ ក្នុងស្មារតីបុរេសកម្មជាប់ជាប្រចាំ ដោយផ្ដោតជាពិសេសលើការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំទ្រសង្គម ដើម្បីកសាងមូលដ្ឋានចាំបាច់ សម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ១៩ និងអាចមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទប់ស្កាត់ការវាយលុកពីជំងឺកូវីដ១៩ ក្នុងករណីមានការឆ្លងរាលដាលទ្រង់ទ្រាយធំ ចូលក្នុងសហគមន៍។ទន្ទឹមនេះ កម្ពុជាត្រូវខិតខំជំរុញ ការធ្វើបរិវត្តកម្មឌីជីថលឱ្យបានលឿន តាមរយៈការជំរុញអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលលោកវង្សី វិស្សុតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា វិបត្តិកូវីដ១៩ឆ្នាំ២០២១នេះ បានជំរុញឱ្យរដ្ឋាភិបាលត្រូវបង្កើនការចំណាយកាន់តែច្រើន ប៉ុន្តែរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងការចំណាយបាន ដោយមិនមានហានិភ័យឬធ្វើឱ្យសេដ្ឋកិច្ចដួលរលំឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here