ដោយៈលក្ខិណា
ភ្នំពេញៈ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ វាមិនមែនជារឿងងាយស្រួល សម្រាប់មមនុស្សគ្រប់គ្នានោះទេ ហើយដូចស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានលើកឡើងហើយថា ប្រជាពលរដ្ឋកម្ពុជាប្រមាណតែ១៨ភាគរយប៉ុណ្ណោះ ដែលមានចំណេះដឹងហិរញ្ញវត្ថុ។
ដូច្នេះហើយពលរដ្ឋកម្ពុជាជាច្រើនទៀត គួរស្វែងយល់ និងសិក្សាបន្ថែមពីចំណេះដឹងហិរញ្ញវត្ថុ។ ថ្ងៃនេះយើងនឹងលើកយកពី វិធីគណនាស្វែងយល់សុខភាពហិរញ្ញវត្ថុហើយវានឹងមានភាពស្មុគ្រស្មាញបន្តិចសម្រាប់អ្នកអានរបស់យើង។
១. អត្រាសន្សំ
អត្រាសន្សំ = លុយត្រូវសន្សំប្រចាំខែ ឬក៏ចំណូលប្រចាំខែ
ប្រាប់ឱ្យដឹងថាប្រាក់សន្សំប្រចាំខែរបស់យើង ស្មើប៉ុន្មានភាគរយនៃចំណូលប្រចាំខែ។
ការគណនាអត្រាសន្សំអាចជួយយើងឱ្យផ្ទៀងផ្ទាត់ កំណត់ និងសម្រេចគោលដៅសន្សំ ទៅតាមផែនការហិរញ្ញវត្ថុរបស់យើង។ អត្រាប្រាក់សន្សំប្រចាំខែគួរតែចាប់ពី ១០% ទៅទើបល្អ។ តែអ្នកក៏គួរបង្កើនអត្រាសន្សំនេះជាបន្តបន្ទាប់ផង ដើម្បីសម្រេចគោលដៅប្រាក់សន្សំដែលអ្នករំពឹងទុក។
២. ប្រាក់សម្រាប់ពេលមានអាសន្ន (Emergency Fund)
ប្រាក់សម្រាប់ពេលមានអាសន្ន = ចំណាយប្រចាំខែ x 6
ប្រាក់សម្រាប់ពេលមានអាសន្ន គួរតែអាចទ្រទ្រង់ចំណាយចាំបាច់ប្រចាំខែ ឱ្យបានពី៣ ទៅ៦ខែ។ តែប្រាក់ត្រៀមសម្រាប់ពេលមានអាសន្ន មិនគួរលើសពី៦ខែទេ ព្រោះបើទុកលុយច្រើនពេក អាចធ្វើឱ្យខាតបង់ឱកាស ដែលអាចយកវាទៅបង្កើតចំណូលបន្ថែមបាន។
ការគណនារកចំនួន emergency fund ដែលស័ក្តិសមបំផុតចំពោះអ្នក គឺត្រូវដឹងថា ប្រសិនបើមានបញ្ហាអាសន្នណាមួយ ដែលអ្នកត្រូវបាត់បង់ចំណូល តើអ្នកនឹងត្រូវការលុយប៉ុន្មានដើម្បីទប់នឹងចំណាយចាំបាច់ប្រចាំខែ? ហើយត្រូវការទប់ឱ្យបានប៉ុន្មានខែ?
អញ្ចឹង ចំនួន emergency fund របស់អ្នកគឺអាស្រ័យទៅតាម ចំនួនចំណាយប្រចាំខែរបស់អ្នក និងចំនួនខែដែលអ្នកចង់ត្រៀម emergency fund ទុក។
៣. ទ្រព្យសុទ្ធ (Net Worth)
ទ្រព្យសុទ្ធ = ទ្រព្យសរុប – បំណុលសរុប
ទ្រព្យសុទ្ធនឹងប្រាប់ឱ្យដឹងថា បច្ចុប្បន្ន យើងកំពុងមានទ្រព្យច្រើនជាងបំណុល ឬក៏មានបំណុលច្រើនជាង។
ទ្រព្យសុទ្ធគឺជាផលដករវាងទ្រព្យសរុប និងបំណុលសរុបរបស់ខ្លួន។ ផលដកនេះនឹងប្រាប់ឱ្យដឹងថា តើយើងមានទ្រព្យជាកម្មសិទ្ធិរបស់ខ្លួនច្រើន ឬតិចជាងបំណុលដែលយើងត្រូវសងគេវិញ ។
បើទ្រព្យសុទ្ធមានផលដកវិជ្ជមាន នោះបានន័យថា យើងមានទ្រព្យជាកម្មសិទ្ធិរបស់យើងច្រើនជាងបំណុល។
1. តែបើទ្រព្យសុទ្ធមានផលដកអវិជ្ជមាន បានន័យថា យើងមានបំណុលលើសពីទ្រព្យជាកម្មសិទ្ធខ្លួនហើយ។ ដូចនេះ យើងត្រូវចាប់ផ្ដើមគិតគូរ ចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ ចៀសវាងបង្កើនបំណុលអាក្រក់ដោយមិនដឹងខ្លួន។
ចំណាំ៖
1. ទ្រព្យសរុបរួមមាន លុយនៅនឹងខ្លួន លុយនៅធនាគារ ទ្រព្យដែលអាចលក់ឬប្ដូរជាលុយ ។ល។
2. បំណុលសរុបរួមមាន កាតព្វកិច្ចត្រូវបង់រម្លស់ និងបំណុលផ្សេងៗ ។ល។
៤.អត្រាសាច់ប្រាក់ទំនេរ (Liquidity ratio)
អត្រាសាច់ប្រាក់ទំនេរ = ទ្រព្យសកម្មរាវ / ទ្រព្យសុទ្ធ
ប្រាប់ពីភាគរយនៃទ្រព្យសុទ្ធសរុបរបស់យើង ដែលអាចប្ដូរទៅជាលុយបាន ក្នុងរយៈពេលខ្លី ដើម្បីប្រើប្រាស់ក្នុងករណីមានការណ៍បន្ទាន់។
ទ្រព្យសកម្មរាវ ឬ Liquid assets គឺជាទ្រព្យដែលអ្នកអាចបម្លែង ទៅជាសាច់ប្រាក់បានងាយស្រួលក្នុងរយៈពេលខ្លី (លក់ប្ដូរយកលុយ) ដោយមិនខាតបង់ ឬខាតតែបន្តិចបន្តួច។ ឧទាហរណ៍ដូចជា លុយក្នុងកុងធនាគារ បណ្ណបំណុល ឬភាគហ៊ុន ។ល។ ដែលសុទ្ធសឹងតែអាចប្ដូរទៅជាលុយបានងាយស្រួល និងក្នុងរយៈពេលខ្លី។
ម្យ៉ាងទៀត ប្រសិនបើអ្នកចង់ដឹងថា តើទ្រព្យសកម្មរាវរបស់អ្នកអាចទប់ចំណាយចាំបាច់បានប៉ុន្មានខែ អ្នកអាចគណនាដោយ៖ ទ្រព្យសកម្មរាវ / ចំណាយចាំបាច់ប្រចាំខែ។
៥. អនុបាតសកម្ម (Current Ratio)
អនុបាតសកម្ម = ទ្រព្យសកម្មរាវ / បំណុលរយៈពេលខ្លី
ផលធៀបនៃ current ratio បង្ហាញពីលទ្ធភាពដែលអ្នកអាចសងបំណុលរយៈពេលខ្លីបានដោយប្រើប្រាស់ទ្រព្យសកម្មរាវ។
បំណុលរយៈពេលខ្លីគឺបំណុល ដែលអ្នកមានត្រូវសង នៅក្នុងកំឡុងពេល១២ខែរាប់ពីបច្ចុប្បន្នទៅ។ ឧទាហរណ៍ដូចជា បំណុល credit card ដែលមិនទាន់ទូទាត់ និងបំណុលផ្សេងទៀតដែលត្រូវសងក្នុងឆ្នាំដដែលនោះ៕