បើចង់ចុះបញ្ជីដីធ្លីត្រូវធ្វើដូចម្តេច និងត្រូវមានឯកសារអ្វីខ្លះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកកាន់កាប់ដី ដែលមានបំណងស្នើសុំចុះបញ្ជីក្បាលដីរបស់ខ្លួន (ទោះមានទំហំប៉ុន្មានក្តី) ត្រូវបំពេញពាក្យស្នើសុំតាមគំរូ ដែលបានរៀបចំដាក់ជូនរដ្ឋបាលសុរិ​យោដីស្រុក ខណ្ឌ ក្រុង តាមរយៈមេឃុំ ចៅសង្កាត់ នៃឃុំសង្កាត់ដែលក្បាលដីនោះស្ថិតនៅ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ពាក្យស្នើសុំត្រូវធ្វើជាពីរច្បាប់ និងអាចមានឯកសាររណបផ្សេងៗ ភ្ជាប់មកជាមួយ ដូចជា ឯកសារ ភស្តុតាង ទាក់ទងនឹងក្បាលដី ឬសិទ្ធិលើក្បាលដីដែលបានស្នើសុំចុះបញ្ជី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មេឃុំ ចៅសង្កាត់ ត្រូវពិនិត្យមើលពាក្យស្នើសុំ ណែនាំឱ្យសាមីអ្នកកាន់កាប់ដីបំពេញបានគ្រប់គ្រាន់តាមខ្លឹមសារ ដែលបានរៀបចំថាតើសេចក្តី ដែលសាមីអ្នកស្នើសុំបានបំពេញនោះ សមស្របតាមហេតុការណ៍ដែលបានកើតឡើងដែរឬទេ?។

ចំណុចដែលត្រូវយកចិត្តទុកដាក់ជាសំខាន់នោះ គឺលក្ខណៈនៃការចូលកាន់កាប់ដីមានប្រើអំពើហឹង្សា ឬ គ្មាន? កាលបរិច្ឆេទនៃការចូលកាន់កាប់ដី ពិតប្រាកដដែរឬទេ?។ទីតាំងក្បាលដី មានប៉ះពាល់ដល់ទ្រព្យសាធារណៈរបស់រដ្ឋដែរឬទេ? ក្បាលដីដែលកំពុងស្នើសុំមានទំនាស់ដែរឬទេ?។

បន្ទាប់ពីពិនិត្យឃើញថា ពាក្យស្នើសុំមានលក្ខណៈគ្រប់គ្រាន់ហើយ មេឃុំ​ ចៅសង្កាត់ ត្រូវចារលើពាក្យស្នើសុំ រួចធ្វើបែបបទបញ្ជូនពាក្យស្នើសុំតាំង នាមករដ្ឋបាលសូរិយោដី ស្រុក ខណ្ឌ ក្រុង។ រដ្ឋបាលសុរិយោដីស្រុក ខណ្ឌ ក្រុង ត្រូវត្រួតពិនិត្យពាក្យស្នើសុំចុះបញ្ជី ដោយផ្អែកលើគោលការណ៍ជំនាញ និងច្បាប់។

ក្នុងករណីពិនិត្យឃើញថា ពាក្យស្នើសុំមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប រដ្ឋបាល សុវិយោដីស្រុក ខណ្ឌ ក្រុង ត្រូវកត់ត្រាពាក្យស្នើសុំទាំងនោះ ចូលក្នុងសៀវភៅទទួលពាក្យ ចុះលេខ រួចចារលើពាក្យនោះ កំណត់កាលបរិច្ឆេទ និងទីកន្លែងដែលត្រូវចុះអនុវត្ត កំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ហើយប្រគល់ពាក្យមួយច្បាប់ជូនអ្នកដាក់ពាក្យវិញ។

ប្រសិនបើមានក្បាលដីច្រើន មានទីតាំងស្ថិតនៅជាប់ៗគ្នាឬជិតៗគ្នា ក្នុងឃុំ សង្កាត់ជាមួយគ្នា ហើយទទួលបានការយល់ព្រមឱ្យអនុវត្តនីតិវិធីចុះបញ្ជី និងកំណត់កាលបរិច្ឆេទ ចុះអនុវត្តការងារវាលថ្ងៃជាមួយគ្នា ពាក្យស្នើសុំចុះបញ្ជីក្បាលដីទាំងនោះ អាចត្រូវបាន ប្រមូលផ្តុំទៅតាមលទ្ធភាពដែលក្រុមការងារវាល អាចអនុវត្តបានក្នុងមួយថ្ងៃ ដើម្បីបង្កើតបញ្ជីឈ្មោះអ្នកស្នើសុំចុះបញ្ជីដី និងធ្វើសេចក្តីជូនដំណឹងតែមួយដាក់ជូនអភិបាល ស្រុកខណ្ឌក្រុង ចុះហត្ថលេខាក្នុងរយៈពេលមិនលើសពី៣ថ្ងៃ បន្ទាប់ពីរដ្ឋបាលសុរិយោដី ស្រុកខណ្ឌក្រុងលើកសំណើ ដើម្បីកំណត់ជាផ្លូវការនូវកាលបរិច្ឆេទ និងទីកន្លែងដែលត្រូវអនុវត្ត​។

សេចក្តីជូនដំណឹងនេះ ត្រូវប្រគល់ជូនអ្នកដាក់ពាក្យស្នើសុំ និងបិទផ្សាយឱ្យបានយ៉ាងតិច១៤ថ្ងៃ មុនកាលបរិច្ឆេទនៃការចុះកំណត់ ទៅកាន់សាលាស្រុក ខណ្ឌ ក្រុង សា​លា​ឃុំ សង្កាត់ និងនៅកន្លែងដែលងាយមើលឃើញ ក្នុងភូមិដែលក្បាលដ៏ ស្នើសុំចុះបញ្ជីនោះស្ថិតនៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here