ការនាំចេញបានក្លាយជាផ្នែកដ៏សំខាន់សម្រាប់ជម្រុញសេដ្ឋកិច្ចកម្ពុជាអំឡុងវិបត្តិ

ដោយៈលក្ខិណា

ភ្នំពេញៈ ទោះបីជាឆ្នាំ២០២១នេះកម្ពុជា បានជួបប្រទះនឹងបញ្ហាប្រឈមដោយ​សា​រតែជំងឺកូវីដ១៩ ដែលមានលក្ខណៈធ្ងន់ធ្ងរជាងឆ្នាំ២០២០ក្ដី តែការធ្វើពាណិជ្ជកម្មនាំចេញនាំចូលរបស់កម្ពុជានៅតែមានសកម្មភាព និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែង ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១នេះ បើតាមរបាយការណ៍នាំចេញរបស់គយ និងរដ្ឋាករកម្ពុជាឃើញថាទំនិញជាច្រើន មានការកើនឡើងវិញក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍របស់គយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីតួលេខទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល៩ខែរួមមាន ការនាំចេញសម្រាប់ផលិតផ​លកាត់ដេរកម្ពុជា សម្រេចបានទំហំទឹកប្រាក់ ៨.២៤១,៧លានដុល្លារអាមេរិក កើនឡើងរហូតដល់៨៤៣,៤លានដុល្លារអាមេរិក ស្មើនឹង១១,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាកង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្តអំពូលលម្អ ផលិតផលឈើប្រណិតផលិត​ផលប្លាស្ទុក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានចំនួន៣.៣៧៩,៥លានដុល្លារអាមេរិក កើនឡើងប្មរាណ១.១៤០លានដុល្លារអាមេរិក ឬប្រមាណ ៥០,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

តួលេខនៃកំណើននៃការនាំចេញ នៃផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំពីលទ្ធផល នៃការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋាន វិស័យឧស្សាហកម្មនៅកម្ពុជា និងការវិលត្រលប់មករកភាពល្អប្រសើរនៃទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

របាយការណ៍ក៏បានបង្ហាញ ពីការនាំចេញកសិផល ក្នុងរយៈពេល៩ខែនេះដែរ ដោយមានទឹកប្រាក់នាំចេញ ប្រមាណ២,១០ពាន់លានដុល្លារអាមេរិក កើនឡើងជាង៧៤៦លានដុល្លារអាមេរិក ឬស្មើនឹង៥៤,៩ភាគរយ រួមមាន ការនាំចេញស្រូវមានទឹប្រាក់២,៥លានតោន មានតម្លៃ៥៩៤,៧លានដុល្លារអាមេរិក កើនឡើង១,៤លានតោនឬប្រមាណ១៣២,៤ភាគរយ ។ ការនាំចេញអង្ករសម្រេចបាន ទំហំទឹកប្រាក់ប្រមាណ២៨៦លានដុល្លារអាមេរិក ថយចុះប្រមាណ១៧,៥ភាគរយ កៅស៊ូមានទឹប្រាក់២៦៥,៨លានដុល្លារអាមេរិកកើនឡើងប្រមាណ៧២,៣ភាគរយ។

ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះក្នុងអត្រាជាវិជ្ជមាននៅឡើយ ទោះបីជាកម្ពុជាបានជួបប្រទះ នឹងការរីករាលដាលនៃកូវីដ១៩ ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១នេះក្ដី។

សេដ្ឋវិទូជាន់ខ្បស់ប្រចាំធនាគារពិភពលោក នៅកម្ពុជាលោកលី សូដេត បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២១នេះ ជាពិសេសការនាំចេញផលិតផលកសិកម្ម បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា នៅតែមានកំនើនជាវិជ្ជមាន ប៉ុន្តដោយសា​រតែការអូសបន្លាយ នៃការរីករាលដាលនៃកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា​​ត្រូវទាញទម្លាក់មកត្រឹម ២,២ភាគរយវិញ ខុសពីការព្យាករកាលពីដើមឆ្នាំ ដែលមានរហូតដល់៤ភាគរយ។

លោកបន្តថា “ប៉ុន្តែក្នុងរយៈពេល៣ខែក្រោយចុងក្រោយនេះ បើសិនជាមានអ្វីប្រែប្រួល ស្ថានភាពកូវីដអាចល្អប្រសើរ កម្ពុជាអាចបើកប្រទេសវិញបាននោះ សេដ្ឋកិច្ចក៏នឹងមានការប្រែប្រួលវិជ្ជមានលើសនេះបន្តិចផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here