ដោយ: សូរិយា
ភ្នំពេញ៖ ផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម គ្រោងនឹងដាក់ឲ្យដំណើរការផ្លូវការនាខែវិច្ឆិកាខាងមុខ ដើម្បីឲ្យមានការចូលរួមឲ្យកាន់តែច្រើនក្នុងការជួយសម្រួលដល់ការលក់ទំនិញ និងផលិតផលរបស់កម្ពុជាទៅកាន់អ្នកទិញទាំងនៅក្នុង និងក្រៅប្រទេស។ នេះតាមការបញ្ជាក់របស់មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ផ្សារខេមបូឌាត្រេដរំពឹងថា នឹងបើកឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ រំពឹងថាខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលមានការតភ្ជាប់ពេញលេញ និងស្វ័យប្រវត្តិជាមួយក្រុមហ៊ុនដឹកជញ្ជូន និងសេវាទូទាត់ប្រាក់។
លោកបានមានប្រសាសន៍ថា មូលហេតុនៃការពន្យាពេលដាក់ឲ្យដំណើរការព្រោះបច្ចុប្បន្ននេះនៅមានបញ្ហាបច្ចេកទេសបន្តិចបន្តួចក្នុងការតភ្ជាប់ប្រព័ន្ធទាំងពីររបស់ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនសេវាទូទាត់ប្រាក់ជាមួយផ្សារខេមបូឌាត្រេដ។
លោកបន្តថា “ការរៀបចំមានការលំបាកបន្តិច ដោយសារយើងត្រូវរៀបចំប្រព័ន្ធបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបានដំណើរការពេញលេញ និងផ្តល់ទំនិញជូនភ្ញៀវប្រកបដោយភាពងាយស្រួល ប្រសិទ្ធិភាព សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់ជូនដល់អតិថិជន។”
លោកថា រហូតមកដល់បច្ចុប្បន្ននេះ ផ្សារខេមបូឌាត្រេដ មានសហគ្រាសធុនតូច និងមធ្យមសរុបចំនួន៥១ ដែលបានបំពេញលក្ខខណ្ឌក្នុងការដាក់តាំងផលិតផលប្រើប្រាស់ផ្សារនេះ ដែលក្នុងនោះមានផលិតផលសរុបចំនួន ៣១១មុខ ជាប្រភេទទំនិញសិប្បកម្ម, ចំណីអាហារកែច្នៃ, ផលិតផលកសិកម្ម, ទំនិញវាយនភ័ណ្ឌនិងសម្លៀកបំពាក់, ទំនិញឧស្សាហកម្មខ្នាតតូច។ល។
ផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្របខ័ណ្ឌសមាហរណកម្មដែលមានមូលដ្ឋាននៅប្រទេសស្វីស សម្រាប់ជំនួយទាក់ទងពាណិជ្ជកម្មសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ហើយកម្ពុជាសង្ឃឹមថា នឹងធ្វើឲ្យប្រទេសមិនពឹងផ្អែកលើជំនួយហិរញ្ញវត្ថុបរទេស។ ផ្សារនេះ នឹងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យមឈានទៅរកទីផ្សារទូលំទូលាយទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដោយផ្តល់លទ្ធភាពឲ្យពួកគេទទួលបាននូវកំណើនសេដ្ឋកិច្ចឌីជីថលសកល៕







