ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ខណៈកម្ពុជាស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ នៅឆ្ងាយពីអាយអ (IR)៤.០ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចាប់ដៃគូសហការគ្នា ក្នុងការរៀបចំអភិវឌ្ឍន៍មជ្ឈមណ្ឌល ផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដើម្បីជំរុញឲ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានមានប្រសាសន៍ឲ្យដឹងនៅក្នុងសន្និសីទកាសែតស្តីពី ការរៀបចំបង្កើតមជ្ឈមណ្ឌលផលិតឌីជីថលកម្ពុជា-ជប៉ុន(CIDM) កាលពីព្រឹកថ្ងៃ១៤ ខែតុលា ឆ្នាំ២០២១នេះ ថា គោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណែទម្រង់មួយចំនួនដូចជា ផែនការអភិវឌ្ឍន៍ឧស្សាហកម្ម ផែនការធ្វើពិពិធកម្មសេដ្ឋកិច្ច យុទ្ធសាស្ត្រអប់រំ STEM និងការលើកកម្ពស់ការស្រាវជ្រាវការអភិវឌ្ឍន៍ នូវការច្នៃប្រឌិតឧស្សាហកម្ម៤.០ គឺជាកត្តាជំរុញដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យកម្ពុជា សម្រេចបាននូវគោលដៅរយៈពេលវែង ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍។
លោកបន្តថា “ទោះបីកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងកំពុងស្ថិតនៅឆ្ងាយពីឧស្សាហកម្ម៤.០នៅឡើយ ក៏រាជរដ្ឋាភិបាលកម្ពុជា ទទួលយកចក្ខុវិស័យអភិវឌ្ឈន៍វិស័យនេះជាសារសំខាន់ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណែទម្រង់ជាច្រើន ដូចជា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយពិពិធកម្មសេដ្ឋកិច្ច យុទ្ធសាស្ត្រអប់រំ STEM និងការលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងនវានុវត្តន៍”។
ជាមួយគ្នានេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ RUPP បានលើកឡើងថា RUPP រួមជាមួយក្រុមហ៊ុន ឌីអឹមជី ម៉ូរី (DMG MORI) ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងប្រទេសជប៉ុន អាល្លឺម៉ង់ និងក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីន ស៊ីអេនស៊ី (CNC) ដែលបាននិងកំពុងរួមចំណែកអភិវឌ្ឈ តាមរយៈការផលិតធនធានមនុស្សមានសមត្ថភាពខ្ពស់ និងកម្មវិធីបណ្តុះបណ្តាល ក្នុងវិស័យផលិតឌីជីថលប្រកបដោយគុណភាពភាពជាក់លាក់បំផុត។
លោកបន្ថែមថា យើងអនុវត្តគម្រោងនេះ តាមគំរូម៉ូដែលជប៉ុនសម្រាប់នវានុវត្ត (សាន់ កាន កាកគុ) ឬគំរូម៉ូដែ Triple Helix នៃការច្នៃប្រឌិត ដែលសង្កត់ធ្ងន់លើ សហប្រតិបត្តិការត្រីភាគី រវាងសាកលវិទ្យាល័យ ឧស្សាហកម្ម និងរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រោះវាគាំទ្រខ្សែសង្វាក់ផលិតកម្មពេញលេញ ចាប់តាំងពីការធ្វើផែនការ រហូតដល់ផលិតផលចុងក្រោយ។
ដោយឡែក លោកបណ្ឌិត ងួន ផនភក្តី ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម នៃ RUPP បានអះអាងថា ចំពោះផ្នែកសាកលវិទ្យាល័យ RUPP នឹងផ្តល់ឱកាសដល់និស្សិតកម្ពុជាទាំងអស់នៅក្នុងក្រុមរបស់សាលា ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
លោកឲ្យដឹងទៀតថា ពេលបច្ចុប្បន្ននេះរដ្ឋាភិបាលចំនួន៣ គឺរដ្ឋាភិបាលនៃប្រទេសកម្ពុជា ជប៉ុន និងអាឡឺម៉ង់ បាននិងកំពុងជួយគម្រោងនេះ យ៉ាងពេញទំហឹង។ ចំពោះវិស័យឧស្សាហកម្មឬផ្នែកឯកជន ក្រុមហ៊ុនធំដែលប្រតិបត្តិការ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចំនួនពីរគឺ Minebea និង Denso កំពុងសហការជាមួយយើង តាមគោលនយោបាយឈ្នះឈ្នះ។
មានប្រសាសន៍ក្នុងអង្គសន្នសីទនេះ លោក MIKAMI Masahiroឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជារំពឹងថា និស្សិតដែលបញ្ចប់ការសិក្សា ជាពិសេសតាមរយៈគម្រោងដែលសាលា RUPP បង្កើតឡើង នឹងអាចឲ្យពួកគាត់ធ្វើការនៅក្រុមហ៊ុន សហការបច្ចេកវិទ្យាខ្ពស់របស់សាលាក្នុងរយៈពេលខ្លី។ នាពេលអនាគត ពួកគាត់ក៏នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រ ដល់ឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការផលិតឌីជីថលឆ្លាតវៃ ដែលមានបដិវត្តថ្មី ដូច្នេះធ្វើឱ្យវិស័យផលិតកម្មរបស់យើងប្រសើរឡើង ហើយនៅទីបំផុតកម្មវិធីរបស់យើងចែកចេញជាបីដំណាក់កាល។
រដ្ឋាភិបាលកម្ពុជាបានសាងសង់ អគារមួយរួចហើយនៅសាកលវិទ្យាល័យ RUPP campus1 ដែលនឹងក្លាយជាមជ្ឈមណ្ឌលCJDM ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ ស្របពេលដែលរដ្ឋាភិបាលជប៉ុន បានផ្តល់ម៉ាស៊ីនដែលមានតម្លៃទឹកប្រាក់៤លានដុល្លារអាមេរិក ដើម្បីទទួលបានការរៀនសូត្រដោយផ្ទាល់ជាមួយម៉ាស៊ីន ដែលមានបច្ចេកវិទ្យាខ្ពស់ពិតប្រាកដអនុញ្ញាតឱ្យនិស្សិត ទទួលបាននូវចំណេះដឹងគ្រប់ជ្រុងជ្រោយពីទ្រឹស្តី គំនិតផ្លាស់ប្តូរទៅជាការអនុវត្តជាក់ស្តែង ផ្តោតលើបញ្ហាជាក់ស្តែង ដំណោះស្រាយនិងតម្រូវការទីផ្សារនិងឧស្សាហកម្ម៕