ដោយៈសុខុម
វ៉ាស៊ីនតោន: របាយការណ៍មួយដែលធនាគារពិភពលោក (World Bank) បានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ តុលា បង្ហាញថា បំណុលរបស់បណ្តាប្រទេសក្រីក្រ ឬប្រទេសដែលមានប្រាក់ចំណូលទាប នៅជុំវិញពិភពលោកបានកើនឡើង១២ភាគរយ ដែលមានទំហំរហូតដល់ទៅ៨៦០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ការកើនឡើងបំណុលនេះកើតមានឡើង នៅពេលប្រទេសនានាបញ្ចេញ កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងវិធានការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។
លោក David Malpass ប្រធានធនាគារពិភពលោកថ្លែងថា របាយការណ៍នេះបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ នូវភាពងាយរងគ្រោះដោយសារបំណុល ដែលបណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមកំពុងប្រឈម ហើយបានអំពាវនាវឱ្យមានវិធានការបន្ទាន់ ដើម្បីជួយកាត់បន្ថយបំណុលរបស់ប្រទេសទាំងនោះ។
ប្រធានធនាគាររូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយ អមជាមួយរបាយការណ៍ស្ថិតិបំណុលអន្តរជាតិថ្មីឆ្នាំ២០២២ (International Debt Statistics 2022) ថា “យើងត្រូវការវិធីសាស្រ្ត ដែលមានលក្ខណៈទូលំទូលាយមួយ ដើម្បីដោះស្រាយបញ្ហាបំណុល រួមទាំងការកាត់បន្ថយបំណុល ការរៀបចំបំណុលឡើងវិញ និងការបង្កើនតម្លាភាពផងដែរ”។
លោកបានលើកឡើងទៀតថា “កម្រិតបំណុលដែលមាននិរន្តរភាព មានសារៈសំខាន់ណាស់ សម្រាប់ការស្តារសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ”។
របាយការណ៍ដដែលនេះបញ្ជាក់ថា បំណុលបរទេសរបស់បណ្ដាប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមសរុបបញ្ចូលគ្នា បានកើនឡើង៥.៣ភាគរយក្នុងឆ្នាំ២០២០ ដែលមានទំហំរហូតដល់៨.៧ទ្រីលានដុល្លារ និងកំពុងជះផលប៉ះពាល់ដល់ប្រទេសនៅគ្រប់តំបន់ជុំវិញពិភពលោក៕ Reuters ៕