ដោយៈសុខុម
អន្តរជាតិៈ អ្នកខ្លះប្រហែលជាបានដឹងរួចមកហើយថា ប្រព័ន្ធ SWIFT គឺជាប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ ប៉ុន្តែប្រហែលជាមិនបានដឹងពីរបៀបវាដំណើរការ និងប្រវត្តិរបស់វានោះទេមើលទៅ។
ប្រព័ន្ធ SWIFT ជាអក្សរកាត់ដែលចេញពីពាក្យពេញថា Society of Worldwide Interbank Financial Telecommunication (បណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក)។ វាជាប្រព័ន្ធស្ដង់ដារមួយ ដែលមានសុវត្ថិភាពខ្ពស់នៅក្នុងការផ្ទេរ ឬទទួលប្រាក់ប្រាក់ពីធនាគារ ក្នុងប្រទេសជាង២០០ជុំវិញពិភពលោក។
*តើការផ្ទេរប្រាក់ជាអន្តរជាតិតាមប្រព័ន្ធ SWIFT ត្រូវការពេលយូរប៉ុណ្ណា?
ជាទូទៅការផ្ទេរប្រាក់ ឬការទូទាត់តាមប្រព័ន្ធ SWIFT ត្រូវការពេលចន្លោះពី១ទៅ៤ថ្ងៃ នៃថ្ងៃធ្វើការអាស្រ័យលើគោលដៅ តំបន់ និងនីតិវិធីធនាគារខុសៗគ្នា។
ដើម្បីធានាសុវត្ថិភាពខ្ពស់ ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT មិនអាចធ្វើបានភ្លាមៗនោះឡើយ។ មុនពេលប្រាក់របស់អ្នកផ្ញើធ្លាក់ដល់អ្នកទទួល ប្រាក់ផ្ទេរទាំងនោះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីប្រឆាំងការលួចបន្លំ និងការលាងលុយកខ្វក់ដែលត្រូវការពេលវេលាយូរបន្តិច។
ធនាគារខ្លះ ប្រហែលជាត្រូវបញ្ជូនប្រាក់របស់អ្នកផ្ញើ តាមរយៈធនាគារអន្តរការីទៀតផង ប្រសិនបើគ្មានទំនាក់ទំនងផ្ទាល់ រវាងគណនីនៃធនាគាររបស់អ្នកផ្ញើ និងធនាគារគោលដៅទេនោះ។ កត្តានេះ ក៏រួមចំណែកធ្វើការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT មានការយឺតយ៉ាវផង ប៉ុន្តែវាមានសុវត្ថិភាពខ្ពស់។
*តើព័ត៌មានអ្វីខ្លះដែលអ្នកត្រូវការសម្រាប់ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT?
ដើម្បីផ្ទេរប្រាក់ ទៅក្រៅប្រទេសដោយប្រើប្រព័ន្ធ SWIFT អ្នកត្រូវការព័ត៌មានដូចខាងក្រោម៖
១- ឈ្មោះរបស់អ្នកទទួលប្រាក់
២- អាសយដ្ឋានរបស់អ្នកទទួលប្រាក់
៣- ឈ្មោះ និងអាសយដ្ឋាននៃធនាគារទទួលប្រាក់
៤- លេខកូដ SWIFT នៃធនាគារអ្នកទទួល
៥- លេខគណនីរបស់អ្នកទទួល
*បញ្ជាក់! លេខកូដ SWIFT គ្រាន់តែបញ្ជាក់អត្តសញ្ញាណធនាគាររបស់អ្នកទទួលប៉ុណ្ណោះ ចំណែកឯលេខគណនីធនាគារអន្តរជាតិ ដែលគេស្គាល់ថា IBAN វែងជាង និងបញ្ជាក់អត្តសញ្ញាណគណនីធនាគារជាក់លាក់ណាមួយ។
*ប្រវត្តិនៃការបង្កើតប្រព័ន្ធ SWIFT
ដោយសារមានការលំបាក ក្នុងការទំនាក់ទំនងគ្នាជុំវិញការទូទាត់ឆ្លងដែន ទើបនៅក្នុងឆ្នាំ១៩៧៣ ធនាគារចំនួន២៣៩ មកពី១៥ប្រទេសបានរួបរួមគ្នា ដើម្បីរកវិធីដោះស្រាយបញ្ហានេះ។ ពេលនោះហើយជាពេលដែលធនាគារទាំងនោះ បានសម្រេចបង្កើតប្រព័ន្ធ SWIFT ឡើងដោយបោះទីស្នាក់កាលកណ្ដាលនៅក្នុងប្រទេសបែលហ្ស៊ិក។
ប្រព័ន្ធ SWIFT កាន់កាប់ដោយស្ថាប័នហិរញ្ញវត្ថុ ជាសមាជិករបស់ខ្លួន។ ហើយបច្ចុប្បន្នប្រព័ន្ធនេះ មានបណ្ដាញស្ថាប័នហិរញ្ញវត្ថុ រហូតដល់ទៅ១១.០០០ស្ថាប័ន ដែលមានទីតាំងស្ថិត ក្នុងប្រទេសប្រមាណ២០០ជុំវិញពិភពលោក៕ keycurrency៕