ដោយ វឌ្ឈនា
ប៉េកាំងៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI)ចូលទៅកាន់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់៦៣,៤៧លានយ័ន កើនឡើងជិត១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលចិនបានបង្ហាញថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង នៅទូទាំងប្រទេសមានដល់ទៅ៦៣,៤៧ ពាន់លានយ័ន កើនឡើង១៥.៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ហើយសម្រេចបាននូវកំណើនវិជ្ជមាន នៃការគៀងគរទុនបរទេស ក្នុងរយៈពេលតែមួយខែក្នុងរយៈពេល ៤ ខែជាប់ៗគ្នា បើនិយាយជាទូទៅ។
រដ្ឋាភិបាលចិនបានបង្ហាញរបាយការណ៍កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៧ ខែដំបូងក្នុងឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសសរុប៥៣៥,៦៥ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង០.៥ ភាគរយ សហគ្រាសបរទេសថ្មី ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន មានសរុប១៨,៨៣៨ ។
គម្រោងវិនិយោគនៅបរទេស(ក្រៅប្រទេស)សំខាន់ៗមួយចំនួន បានពន្លឿនការអនុវត្ត ហើយទិន្នន័យទាំងនេះ មិនត្រឹមតែបានបញ្ជាក់យ៉ាងពេញលេញថា ជំនឿចិត្តរបស់ទុនបរទេស ចំពោះទីផ្សារចិនមិនត្រូវកាត់បន្ថយនោះទេ ថែមទាំងក៏ជាការតបតវិញយ៉ាងខ្លាំងក្លា ចំពោះពាក្យសម្តីខុសទំនងដែលឃោសនាបំប៉ោង ដោយអ្នកនយោបាយអាមេរិក ស្តីពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន” ។
ដោយសារទទួលរងផលប៉ះពាល់ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ សកម្មភាពពាណិជ្ជកម្មពិភពលោកទាំងមូល បានធ្លាក់ចុះយ៉ាងខ្លាំងតាំងពីចូលឆ្នាំនេះមក ប៉ុន្តែដំណើរការពាណិជ្ជកម្មអន្តរជាតិចិនទាំងមូល នៅតែមានភាពល្អប្រសើរជាងការប៉ាន់ប្រមាណរបស់ទីផ្សារ និងអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅទូទាំងពិភពលោក។
ទិន្នន័យបានបង្ហាញថា ការនាំចេញផែ្នកពាណិជ្ជកម្មអន្តរជាតិរបស់ចិន បានរក្សានិន្នាការកំណើនក្នុងរយៈពេល ៤ខែជាប់ៗគ្នា ដែលសម្រេចបាននូវកំណើន២ខ្ទង់ជាលើកដំបូងនៅខែកក្កដា រីឯការនាំចូលវិញក៏បានរក្សាកំណើន ក្នុងរយៈពេលពីរ ខែជាប់ៗគ្នាផងដែរ។ លទ្ធផលជាផ្លែផ្កាដែលបានទទួលមកដោយមិនងាយនេះ គឺក្រោមបរិបទនៃសេដ្ឋកិច្ចពិភពលោក ដែលធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងសេចក្តីត្រូវការក្នុងទីផ្សារ ទទួលរងផលប៉ះពាល់ ដែលបង្ហាញយ៉ាងពេញលេញនូវភាពធន់ដ៏រឹងមាំនៃសេដ្ឋកិច្ចចិន។
ក្រោមបរិបទនៃបរិយាកាសអន្តរជាតិ និងការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោកមានភាពស្មុគស្មាញ និងតឹងរ៉ឹង។ វិធានការមួយចំនួនរបស់ប្រទេសចិន ដើម្បីលំនឹងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងលទ្ធផលយ៉ាងច្បាស់លាស់ ដែលទទួលបានដោយប្រទេសចិន មិនត្រឹមតែមានអំណោយផល ដល់ការដំណើរការប្រកបដោយស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងបានបំពេញបំន្ថែមកម្លាំងចលករ នៃការងើបឡើងវិញទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរទៀតផង៕