ដោយៈសុខុម
ហុងកុង: មន្រ្តីទីក្រុងហុងកុងបានអះអាងថា ផលប៉ះពាល់ដែលខ្លួនទទួលរងពីវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតរបស់ចិន Evergrande គឺតិចតួចបំផុតក្នុងអត្រាត្រឹមតែ០.០៥% ឬស្មើនឹង១.៧៩ពាន់លានដុល្លារ នៃទ្រព្យសកម្មធនាគារប៉ុណ្ណោះ។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣ តុលា។
លោក Paul Chan មន្ត្រីហិរញ្ញវត្ថុកំពូលនៃក្រុងនេះ បានប្រាប់កាសែតនេះថា “ផលប៉ះពាល់ដែលក្រុងហុងកុង ទទួលរងពីវិបត្តិក្រុមហ៊ុន Evergrande គឺតិចតួចបំផុត ហើយនឹងមិនបង្កឱ្យយើងមានហានិភ័យ ជាប្រព័ន្ធនោះឡើយ”។
លោកបញ្ជាក់ថា លោកបានទាញការសន្និដ្ឋានបែបនេះ បន្ទាប់ពីការធ្វើសវនកម្មកាលពីពេលថ្មីៗនេះ ជុំវិញផលប៉ះពាល់ដែលវិស័យធនាគារ ទទួលរងពីវិបត្តិក្រុមហ៊ុនខាងលើនេះ។
ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ទីផ្សារភាគហ៊ុនក្រុងហុងកុង គឺជៀសមិនផុតពីរងផលប៉ះពាល់ខ្លះនោះឡើយ អំឡុងការបង្ក្រាបកាលពីពេលថ្មីៗនេះ នៅចិនដីគោក (ចិនប៉េកាំង) លើឧស្សាហកម្មមួយចំនួន។ ប៉ុន្តែទន្ទឹមនេះ លោកបានបង្ហាញសុទិដ្ឋិនិយមថា ការរងផលប៉ះពាល់នេះគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។
ជាមួយនឹងបំណុលគរដូចភ្នំ ដែលមានទំហំរហូតដល់ទៅ៣០៥ពាន់លានដុល្លារ ក្រុមហ៊ុន Evergrande បានបង្កការភ័យខ្លាចថា វិបត្តិសាច់ប្រាក់របស់ក្រុមហ៊ុននេះអាចរីករាលដាល ពេញប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ហើយបន្ទាប់មកនឹងរីករាលដាលទូទាំងពិភពលោក។ ទោះជាយ៉ាងណា ក្ដីបារម្ភនេះបានថមថយទៅវិញខ្លះហើយ ក្រោយពីធនាគារកណ្ដាលរបស់ចិន កាលពីសប្ដាហ៍មុនបានប្ដេជ្ញា ការពារផលប្រយោជន៍របស់អ្នកទិញផ្ទះ ដោយមិនឱ្យពួកគេរងគ្រោះដោយសារវិបត្តិក្រុមហ៊ុន Evergrande ឡើយ។
ក្រុមអ្នកកាន់សញ្ញាប័ណ្ណនិយាយថា ក្រុមហ៊ុនEvergrande បានខកខានការបង់ការប្រាក់លើសញ្ញាប័ណ្ណចំនួនពីរ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ និងបំណុលរបស់ខ្លួននៅបរទេស ដែលមានចំនួនប្រហែល២០ពាន់លានដុល្លារ៕ South China Morning Post៕