វិស័យធានារ៉ាប់កម្ពុជាទទូលបានបុព្វលាភជាង៨១លានដុល្លារអាមេរិក

        ដោយៈលក្ខិណា

ភ្នំពេញៈ ទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្ដី វិស័យធានារ៉ាប់អាយុជីវិត នៅតែទទួលបានការរីកលូតលាស់ជាបន្តបន្ទាប់ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២០ និងឆ្នាំ ២០២១ វិស័យធានារ៉ាប់រងអាយុជីវិត នៅតែទទួលកំនើនបុព្វលាភ ធានារ៉ាប់រងអាយុជីវិតជាលំដាប់។

លោកប៊ូ ច័ន្ធភីរ៉ូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងនាព្រឹកថ្ងៃទី៣០កញ្ញានេះថា ក្នុងឆ្នាំ២០២០កន្លងទៅវិស័យធានារ៉ាប់រងអាយុជីវិត ទទួលបានបុព្វលាភដុល ធានារ៉ាប់រងអាយុជីវិតប្រមាណ១៥០លានដុល្លារអាមេរិក ហើយបើធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិឃើញថាមានកំណើនប្រមាណ៦ភាគរយ។ ក្នុងឆ្នាំ២០២១រយៈតែកន្លះឆ្នាំវិស័យនេះ ទទួលបានបុព្វលាភដុល៨១លានដុល្លារអាមេរិក និងកើនឡើងប្រមា​ណ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលសបញ្ជាក់ថា ទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណា ក៏វិស័យធានារ៉ាប់រងអាយុជីវិតនៅតែមានគាំទ្រពីប្រជាជនកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កំណើននៃបុព្វលាភធានារ៉ាប់រងអាយុជីវិតនេះ គឺជាសក្ខីភាពផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចំពោះវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា”។ លោកបន្តថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងក៏បានមើលឃើញថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិជាច្រើន ក៏បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាដើម្បីគាំទ្រដល់វិស័យនេះ កាន់តែមានសន្ទុះនិងជួយឱ្យប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងពីវិស័យថ្មីមួយនេះ”។

លោកបន្ថែមថា ការចូលមកកាន់ទីផ្សាររបស់ក្រុមហ៊ុនអន្តរជាតិ មកកាន់ប្រទេសកម្ពុជា ក៏ជាការជួយផ្ដល់បទពិសោធន៍ថ្មីៗដល់ទីផ្សារ និងធនធានមនុស្សជំនាញ ដែលក្រុមហ៊ុនទាំងនោះមាន ដល់ប្រជាជននិងប្រតិបត្តិករធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។

លោកយក់ ចំរើនឬទ្ធិអគ្គនាយកក្រុមហ៊ុនហ្វតតេ ក៏បានលើកឡើងផងដែរថា វិស័យធានារ៉ាប់រងនៅកម្ពុជា គឺជាវិស័យមួយបានរួមចំណែក ដល់កំណើនសេដ្ឋកិច្ចតូចនៅឡើយបើធៀប នឹងបណ្ដាប្រទេសជិតខាងរបស់កម្ពុជា ខណៈវិស័យធានារ៉ាប់រងពិភពលោកគឺបានចូលរួមចំណែកដល់GDPធំ ដូច្នេះការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាគឺនៅមានវិសាលភាពទូលំទូលាយ និងត្រូវការឱ្យមានការវិនិយោគបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here