តើសុខភាពវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាយ៉ាងណាហើយមកដល់ចុងត្រីមាសទី៣នេះ?

ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុមានសុខភាពបែបណា រហូតដល់ដំណាច់ត្រីមាសទី៣នេះ ខណៈជំងឺកូវីដ១៩នៅតែបន្តអូសបន្លាយ។

លោកផល វ៉ាន់ឌីនាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្តធ្វើប្រតិបត្តិការដោយមានភាពរឹងមាំ ក្នុងការបម្រើសេវាហិរញ្ញវត្ថុ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដល់អតិថិជនកម្ពុជា ទោះបីជាមានផលប៉ះពាល់ពីកូវីដ១៩ក្ដី ។

លោកបន្តថា “រហូតមកដល់ពេលនេះ វិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ជូនឥណទានជូនអតិថិជន ក្នុងប្រទេសកម្ពុជាប្រមាណ២លាននាក់ ជាមួយនឹងផលបត្រឥណទានប្រមាណ៨ពាន់លានដុល្លារអាមេរិក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនេះ មីក្រូហិរញ្ញវត្ថុក៏បានទទួលនូវប្រាក់បញ្ញើ ប្រមាណ២ពាន់លានដុល្លាអាមេរិកពីអតិថិជននៅកម្ពុជា ។
លោកបន្តថា ចាប់តាំងពីមានការណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្ដីពី ការរៀបចំឥណទានឡើងវិញ មីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានបន្តរៀបចំឥណទាន ដល់អតិថិជនដែលមានផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ហើយមកដល់វិស័យមីក្រូហិរញ្ញវត្ថុ មានអតិថិជនដែលបានរៀបចំឥណទានឡើងវិញ ប្រមាណ៣០ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៧០០លានដុល្លារអាមេរិក ។

លោកផល វ៉ាន់ឌីបានបន្ថែមថា វិស័យមីក្រូហិរញ្ញវត្ថុ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលបានការវិនិយោគជាបន្តបន្ទាប់ ពីក្រុមហ៊ុនបរទេសចូលមករកទទួល​ទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ហើយវាជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលមានអ្នកវិនិយោគបរទេស ចូលមកបណ្ដាក់ទុនធ្វើអាជីវកម្ម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោកបន្តថា “ការចូលមកបណ្ដាក់ទុនវិនិយោគ លើវិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ដល់បរិយាកាសកាន់តែប្រសើរ មានភាពប្រកួតប្រជែងកាន់តែច្រើន ធ្វើឱ្យអតិថិជនកាន់តែងាយស្រួល ក្នុងការស្វែងរកសេវាកម្មហិរញ្ញវត្ថុពីមីក្រូហិរញ្ញវត្ថុ”។លោកថា​ “ទន្ទឹមនឹងមានការហូរចូលពីបរទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ស្រុក ​​ក៏ត្រូវធ្វើការងារជាច្រើន ដើម្បីពង្រឹងភាពរឹងមាំរបស់ខ្លួន ដើរឱ្យទាន់ការប្រកួតប្រជែង និងតម្រូវការដែលវិវត្តន៍នៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាយើថ”។

ជាមួយគ្នានេះ អ្នកស្រីឌិត នីតា នាយិកាប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Camma ក៏បានឱ្យដឹងកន្លងមកថា ទោះបីជាកម្ពុជាជួបវិបត្តិបែបនេះក្ដី ក៏គ្រឹះស្ថានរបស់ លោកស្រីនៅតែបន្តផ្ដល់ឥណទាន ដល់អតិថិជនដែលរងផលប៉ះពាល់លើអាជីវកម្ម ដើម្បីឱ្យសហគ្រិន ទទួលបានហិរញ្ញវត្ថុសម្រាប់បន្តដំណើរការផលិត និងលំហូរសាច់ប្រាក់សម្រាប់បង្វិល ។

អ្នកស្រីបន្តថា “បើសិនជាមានវិបត្តិបែបនេះហើយ ពួកគាត់មានបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែខាងគ្រឹះស្ថានហិរញ្ញវត្ថុ មិនគាំទ្រមិនផ្ដល់ជូនពួកគាត់ នោះវិបត្តិសេដ្ឋកិច្ចនឹងកើតមានឡើងកាន់តែខ្លាំងថែមទៀត គឺលើសពីវិបត្តិកូវីដ១៩ទៅទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here