ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែនបានថ្លែងថា កម្ពុជានឹងធ្វើការផ្ទេរបច្ចេកវិទ្យាថ្មីៗ ទៅលើគម្រោងអភិវឌ្ឍន៍ថាមពល និងបង្កើនការអភិវឌ្ឍថាមពលកកើតឡើងវិញជាអតិបរមា ដើម្បីធានាការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្ត និងកាត់បន្ថយការបំភាយឧស្ម័នកាបូន។
លោក ស៊ុយ សែម បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលកន្លងមក កម្ពុជាសម្រេចបានគោលដៅ នៃការផ្គត់ផ្គង់ថាមពលគួរឱ្យកត់សម្គាល់ ដោយភូមិជាង ៩៧ ភាគរយទទួលបានការផ្គត់ផ្គង់ ថាមពលពីប្រព័ន្ធបណ្តាញ និងផ្ទះជាង៨១ភាគរយទទួលបានការតភ្ជាប់បណ្តាញប្រើប្រាស់។ ក្នុងន័យនេះ រដ្ឋាភិបាលនឹងខិតខំអភិវឌ្ឍវិស័យថាមពលបន្តទៀត ដើម្បីពង្រីកលទ្ធភាព ទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយដែលទំនើប មានតម្លៃសមរម្យអាចទុកចិត្តបាន និងមាននៅគ្រប់ទីកន្លែង។
លោកបន្តថា “ការកាត់បន្ថយដង់ស៊ីតេការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ គឺមានភាពចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅ និងរបៀបវារៈនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា និងគោលដៅអន្តរកាលឆ្ពោះទៅការកាត់បន្ថយឧស្ម័នកាបូន”។ លោកបន្តថា “ការអភិវឌ្ឍថាមពលបន្តទៀត កម្ពុជានឹងបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យបានជាអតិបរមាតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាស ព្រមទាំងធានាភាពគ្រប់គ្រាន់នៃសន្តិសុខថាមពល ដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន”។
លោកស៊ុយ សែមបានបន្តទៀតថា សម្រាប់គោលដៅ នេះយើងកំពុងធ្វើសមាហរណកម្មអភិវឌ្ឍន៍គម្រោងថាមពល កកើតឡើងវិញឱ្យកាន់តែច្រើន ក្នុងផែនការអភិវឌ្ឍន៍របស់យើង។ អភិវឌ្ឍន៍ប្រព័ន្ធអាគុយស្តុកថាមពលទ្រង់ទ្រាយធំ ដើម្បីបង្កើនការទទួលគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញបន្ថែមទៀត និងធ្វើការអនុម័តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការងារប្រសិទ្ធភាពថាមពល។
លោកបន្តថា ទោះជាយ៉ាងណា ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ថាមពល កម្ពុជានឹងនៅបន្តពឹងផ្អែកលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលខ្លះដោយចៀសពុំរួច ដូចនេះហើយនៅពេលដ៏ខ្លីខាងមុខ កម្ពុជាមានភាពចាំបាច់ ក្នុងការកែច្នៃឥន្ធនៈហ្វូស៊ីល ដែលមានស្រាប់ ឱ្យមានលក្ខណៈស្អាតជាងមុន។
លោកស៊ុយ សែមបានថ្លែងថា “យើងមានភាពចាំបាច់ណាស់ក្នុងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាហ្វូស៊ីលស្អាតដូចជា បច្ចេកវិទ្យាធ្យូងថ្មស្អាត និងបច្ចេកវិទ្យាចាប់យកកាបូន ការប្រើប្រាស់និងស្តុកទុកកាបូន និងបច្ចេកវិទ្យាអ៊ីដ្រូហ្ស៊ែន”៕







