កម្ពុជាទទួលបានចំណូលជិត១៨៣០លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ  ប្រទេសកម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម ក្នុង​តម្លៃ​ប្រមាណ១,៨៣ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២១​។

សារព័ត៌មានVietnam Plus ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៧ ខែកញ្ញា​កន្លងមកបានឱ្យ​ដឹងថា ប្រទេស​វៀតណាម​បាន​ចំណាយ​ប្រាក់​ជិត១,៨៣ ​ពាន់​លាន​ដុល្លារ​ក្នុង​ការនាំចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា នា​រយៈពេល​៨​ខែ​ដើមឆ្នាំ​ ២០២១ កើនឡើង៧,១​ដង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកខាន់ កុសល ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ខេត្តព្រះវិហារ បាន​កត់សម្គាល់ថា សព្វថ្ងៃនេះ​កម្ពុជា​ពុំទាន់​មាន​ច្រក​នាំចេញ​ផ្ទាល់ ​ទៅកាន់​ប្រទេស​ដែល​មាន​សក្តានុពល​ទីផ្សារ​ធំៗ​ទេ ហេតុនេះ​កម្ពុជា​ត្រូវការ​ប្រទេស​ជិតខាង ដើម្បី​ជា​ទីផ្សារ​សម្រាប់​កែច្នៃ និង​នាំចេញ​បន្តទៅ​ទីផ្សារ​ដែលមាន​សក្តានុពល​នៅលើ​ពិភពលោក​។

លោកបន្តថា “សព្វថ្ងៃ​បញ្ហា​ប្រឈម​នៃ​នាំចេញ​ដោយផ្ទាល់​របស់​កម្ពុជា គឺ​ថ្លៃដើម  ​ផលិត​ខ្ពស់​ជាង​បណ្តា​ប្រទេសជិតខាង ដែល​នាំឱ្យ​កម្ពុជា​ពិបាក​ប្រកួតប្រជែង​ជាមួយ​គេ ខណៈ​វៀតណាម​ គឺ​ប្រទេស​មាន​បទពិសោធ​ច្រើន​ឆ្នាំ​នៅក្នុង​វិស័យ​ស្វាយចន្ទី ហើយ​ប្រទេ​ស​នេះ​ក៏មាន​ដៃគូ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក”​។

ម្យ៉ាងទៀត​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏បាន​នាំឱ្យ​វិស័យ​ឯកជន​ដែល​រកស៊ី​ក្នុង​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ​ពិបាក​នឹង​រក​ដៃគូ​ដែលមាន​សក្តានុពល​ធ្វើការ​នាំចេញ​ផងដែរ​។

លោក​ខាន់ កុសលបានបញ្ជាក់ថា “​ខ្ញុំ​គិតថាក្នុង​រយៈពេល​មធ្យម យើង​មិនទាន់​អាច​មាន​លទ្ធភាព​ធ្វើការ​នាំចេញ​គ្រាប់ស្វាយចន្ទី ​ដោយផ្ទាល់​ទៅ​ទីផ្សារ​ប្រទេស​ធំៗ​ទេ​។ យើង​ត្រូវការ​ពេលវេលា​ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​វិស័យនេះ​ ដើម្បី​​គាំទ្រ​ដល់​ការនាំចេញ”។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង កាលពី​ថ្មីៗ​នេះ បានឱ្យដឹងថា ប្រទេស​វៀតណាម​ភាគច្រើន​ ទទួល​ទិញ​កសិផល​ពី​ប្រទេស​កម្ពុជា​ មានដូចជា​ស្រូវ កៅស៊ូ សណ្តែក ពោត ល្ង និង​ស្វាយចន្ទី​។ រីឯ​វៀតណាម​នាំមក​កម្ពុជា​មាន ដែកថែប ប្រេង បន្លែ ផ្លែឈើ និង​ជី​កសិកម្ម​។

លោក​និយាយថា​ “​ខ្ញុំ​គិតថា ផលិតផល​កសិកម្ម​កម្ពុជា បើ​អត់​មាន​ទីផ្សារ​ប្រទេសជិតខាង យើង​នឹង​កកកុញ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក”​។

យោងតាម​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី ៨៧៦ ៥២១,១៩ ​តោន​ក្នុង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២១ កើន ៣៤០,៦១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ប្រទេស​វៀតណាម គឺ​ទីផ្សារ​ឈានមុខ​គេ ដែល​មាន​បរិមាណ ៨៦៩ ៥៤០ ​តោន និង​តាម​ពីក្រោយ​ដោយ​ចិន ៣ ៦៣៩,៥០ ​តោន និង​ថៃ ៣ ២៣០,៤០ ​តោន​។ ទីផ្សារ​ផ្សេងទៀត រួមមាន កូរ៉េ ជប៉ុន ឥណ្ឌា អារ៉ាប់ ហូឡង់ បង់ក្លាដែស ឡាវ តូហ្គោ និង​អារ៉ាប់រួម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here