សុវត្ថិភាពជាខ្លឹមសារស្នូលនៃការចាប់ផ្តើមយុទ្ឋនាការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជាបានជ្រើសរើសយកពាក្យ “សុវត្ថិភាព”សម្រាប់យុទ្ឋនាការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ក្រោមការជឿជាក់លើការចាក់ស្រោច វ៉ាក់សាំងទូទាំងប្រទេសយ៉ាងឆាប់រហ័សនោះ នាពេលនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ទីផ្សារពិភពលោកយ៉ាងទូលាយហើយ ដោយផ្តោតលើខ្លឹមសារ “សុវត្ថិភាព” ស្របពេលដែលកម្ពុជា ក៏ត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រកាសយ៉ាងដូច្នេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការប្រារព្ធពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១” ដែលធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បានអះអាងថា “បច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ថាមានភាពជឿនលឿនលើការចាក់វ៉ាក់សាំង ដែលពិភពលោកចាត់ទុកថាជាយុទ្ធសាស្ត្រគន្លឹះនៃការបើកទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិពេញលេញឡើងវិញ។ ក្នុងបរិការណ៍នេះ ក្រសួងទេសចរណ៍នឹងផ្ដោតលើសុវត្ថិភាព ជាសារគន្លឹះនៃការផ្សព្វផ្សាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ”។

ក្រសួងក៏បានស្នើឲ្យភាគីពាក់ព័ន្ធ ជាពិសេសផ្នែកឯកជនត្រូវចូលរួមរៀបចំការផ្សព្វផ្សាយរបស់ខ្លួន ដោយផ្តោតសំខាន់លើខ្លឹមសារ “កម្ពុជាសុវត្ថិភាព -Cambodia Safe”ហើយបានអំពាវនាវឲ្យប្រតិបត្តិករពាក់ព័ន្ធ ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសច​រណ៍ ដើម្បីទទួលបាន “ឡាបែលវិធានសុវត្ថិភាពទេសចរណ៍” ដែលក្រសួងទេសចរណ៍បានដាក់ចុះរួចហើយនោះ។

ក្រសួងទេសចរណ៍បានស្នើឲ្យការីទេសចរណ៍ក្នុងស្រុក បង្កើនបន្ថែមទៀតនូវកញ្ចប់ទេសចរណ៍ប្លែកៗ តាមប្រធានបទផ្សេងៗ (Thematic Tour Package) ដូចជា ដំណើរទស្សនកិច្ចម្ហូបអាហារ ផ្លែឈើ កសិកម្ម ព្រឹត្តិការណ៍ជាក់លាក់មួយចំនួនតាមតំបន់ដែលមានការអនុញ្ញាតជាដើម។

ទន្ទឹមនឹងនេះ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ពេលវេលាអំពីសុវត្ថិភាពគោលដៅទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទេសចរអន្តរជាតិ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មានស្តីពីការចាក់វ៉ាក់សាំង ការឆ្លង ការអនុវត្តស្តង់ដាប្រតិបត្តិ (SOP) ព្រមទាំងការអនុវត្តវិធានសុខាភិបាល និងរដ្ឋបាលតាមតំបន់គោលដៅទេសចរណ៍ ដោយបង្កើតឲ្យមានថ្នាលតាមដានគោលដៅទេសចរណ៍កម្ពុជា (Cambodia Destination Tracker) ដែលអាចភ្ជាប់ទៅនឹងគេហទំព័រផ្លូវការណាមួយ។

ក្រសួងទេសចរណ៍បានបង្ហាញការវាយតម្លៃទៀតថា “ប្រសិនបើថ្ងៃអនាគត” មិនទាន់មានវ៉ាក់សាំងកូវីដ-១៩ចាក់ពីកំណើត នោះវិស័យទេសចរណ៍ត្រូវត្រៀមខ្លួនបង្កើតថ្មី រាប់ចាប់ពីការផលិតយន្តហោះ រហូតដល់ឧបករណ៍ចម្រោះខ្យល់ ក្នុងទីតាំងអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លង។

យ៉ាងណាមិញ ក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នជាតិ-អន្តរជាតិដទៃទៀតបានបង្ហាញក្ដីសង្ឃឹមថា “មនុស្សតែងរកឃើញដំណោះស្រាយ, វិបត្តិតែងមានទីបញ្ចប់”។

បើតាមរបាយការណ៍ក្រសួងការពារជាតិ ដែលចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋបានចំនួនសរុប ២,៧៥៦,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២១,៦០៤នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here