ដោយៈសុខុម
ប៉េកាំង: ប្រភពទម្លាយឱ្យដឹងថា រោងចក្រTesla នៅក្រុងសៀងហៃ ប្រទេសចិន ប្ដេជ្ញាផលិតរថយន្តអគ្គិសនី ឱ្យបានចំនួន៣០០.០០០គ្រឿង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ពោលគឺពីខែមករា ដល់កញ្ញា នេះដើម្បីឱ្យទាន់តម្រូវការទីផ្សារ ថ្វីបើប្រឈមកង្វះខាតបន្ទះឈីបទូទាំងពិភពលោកយ៉ាងណាក្ដី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ កញ្ញា។

រោងចក្រនេះផលិតរថយន្តអគ្គិសនីប្រភេទ Sedan ម៉ូឌែល Model 3 និងរថយន្តស្ព័រប្រភេទ SUV ម៉ូឌែល Model Y សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិរួមទាំងប្រទេសអាល្លឺម៉ង់ និងប្រទេសជប៉ុនផងដែរ។
យោងតាមទិន្នន័យពីសមាគម រថយន្តប្រទេសចិនបានបង្ហាញថា រថយន្តប្រហែល២៤០.០០០គ្រឿង ត្រូវបានដឹកជញ្ជូនចេញពីរោងចក្រខាងលើនេះ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងរថយន្តជាច្រើនគ្រឿង សម្រាប់ការនាំចេញផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Tesla មិនទាន់បានទម្លាយព័ត៌មានលម្អិតស្ដីពី ការផលិតរថយន្តរបស់រោងចក្រនេះជាផ្លូវការនៅឡើយទេ។
កាលពីខែសីហា មន្រ្តីមួយរូបនៅមូលដ្ឋានដែលរោងចក្ររបស់ក្រុមហ៊ុន Tesla បោះទីតាំងបានទម្លាយឱ្យដឹងថា រឿងចក្រនេះ មានផែនការផលិតរថយន្តឱ្យបានចំនួន៤៥០.០០០គ្រឿងនៅឆ្នាំនេះ ដោយរួមទាំងចំនួន៦៦.១០០គ្រឿង សម្រាប់ការនាំចេញផងដែរ។
ពេលនេះក្រុមហ៊ុន Tesla កំពុងប្រកាសជ្រើសរើសនាយកគ្រប់គ្រង សម្រាប់ក្រុមទំនាក់ទំនងកិច្ចការទូទៅ និងផ្នែកច្បាប់នៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុននេះប្រឈមមុខនឹងការពិនិត្យពិច័យជាសាធារណៈ នៅក្នុងប្រទេសនេះជុំវិញបញ្ហាសន្តិសុខទិន្នន័យ និងពាក្យបណ្តឹងជាច្រើនក្នុងសេវាកម្មអតិថិជន៕ Reuters៕







