ចំនួនផ្ទះសំណាក់បានកើនឡើងដល់ជាង២០០ទីតាំងជាមួយនឹងតម្លៃចម្រុះ

        ដោយៈគង់ សេរីជេស៊ីកា

        ភ្នំពេញៈ ដោយសារកម្រិតប្រជាប្រិយភាព ជាមួយឆ្នេរខ្សាច់សក្បុរ ទឹករលករេញៗ និងខៀវស្រងាត់ កោះរ៉ុងបានប្រែក្លាយពីកោះស្ងាត់ជ្រងំ ភូមិអ្នកនេសាទ មកជាទីក្រុងដែលមានការរីកចម្រើនយ៉ាងលឿន។

អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុលបានមានប្រសាសន៍ឲ្យដឹងកាលពីដើម​សប្តាហ៍នេះ​​ថា កោះរ៉ុង​មាន​ផ្ទះ​សំណាក់​ទាំង​តូច​ ទាំង​ធំ​ជាង២០០កន្លែង រួម​ទាំង​រីសត​លំដាប់​ប្រណីត ចំនួន​ពីរ​កន្លែង​ទៀត​របស់​ឧកញ៉ា​ទៀ វិចិត្រ​និង​អ្នក​ឧកញ៉ា​គិត ម៉េង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ត​ថា “កោះរ៉ុង​ជា​កោះ​ឋានសួគ៌​ នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ព្រះសីហនុ។ ទោះ​បី​ត្រូវ​ធ្វើ​ដំណើរ​កាត់​សមុទ្រ កោះរ៉ុង​នៅ​តែ​គោលដៅ​ដែល​ភ្ញៀវ​មិន​អាច​ខកខាន​បាន”។លោក​បន្តថា “ជាទូទៅ​ក្នុងមួយថ្ងៃ​មិន​ក្រោម​ពាន់​នាក់ និង​រដូវ​បុណ្យ​ទាន​អាច​ដល់៥ ០០​នាក់មុន​ផ្ទុះ​កូវីដ១៩”។

ផ្ទះស្នាក់​នៅលើ​កោះ​មាន​ចាប់​ពី៥ដុល្លារ​ក្នុង​មួយ​យប់ ក៏​មាន​ដោយស្នាក់នៅ​តាម​​ផ្ទះប្រជាពលរដ្ឋ ​និង​អាច​ដល់​តម្លៃ​រាប់រយ​ដុល្លារ​​នៅ​រីសត ឬ​ប្រភេទបឹងកាឡូប្រណិតៗ។

ភ្ញៀវទេសចរដែល​មក​កម្សាន្ត​ ភាគច្រើន​ស្នាក់នៅយ៉ាងហោចណាស់ មួយយប់នៅលើ​កោះ។

​លោក​អភិបាល​ក្រុងរូបនេះបានបន្តថា ក្រៅ​ពី​មាន​ឆ្នេរ​ខ្សាច់​ នៅ​លើ​កោះ​ក៏​មាន​កន្លែង​ទាក់ទាញ ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ​មាន ទឹកជ្រោះ ព្រៃ​កោងកាង ឧទ្យាន​សមុទ្រ ផ្កាថ្ម​ជាដើម។

បច្ចុប្បន្ន​នៅ​លើ​កោះរ៉ុង កំពុង​សាងសង់​ផ្លូវ​បេតុង​ប្រវែង​ជាង៧០គីឡូម៉ែត្រ ក្រោម​ទុន​វិនិយោគ​ប្រមាណ៣៥លាន​ដុល្លារ ដែល​គម្រោង​នេះ​ នឹង​បញ្ចប់​ក្នុងរយៈពេល១៦ ខែ។ នៅ​ពេល​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ចប់ ជំរុញ​ការ​អភិវឌ្ឍ​នៅ​លើ​កោះបន្ថែម​ទៀត។ នេះ​បើតាម​លោក​អភិបាល​ក្រុង។

រដ្ឋាភិបាល​បាន​បង្កើត​ក្រុង​ថ្មី​ ដោយ​កាត់​យក​កោះ​ចំនួន​ពីរ​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​មាន​សង្កាត់​កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ​បង្កើតជា​ក្រុងកោះរ៉ុង ដែល​ទីតាំង​សាលា​ក្រុងស្ថិត​នៅក្នុង​សង្កាត់កោះរ៉ុងសន្លឹម។

កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ​​មាន​ផ្ទៃដី​សរុប​ជាង១០០គីឡូម៉ែត្រ​ការ៉េ មាន​​ចម្ងាយ​ប្រហែល​៣៦គីឡូម៉ែត្រពីឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុង មានភូមិចំនួន៣ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណ៤០០០នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here