ក្រសួងពាណិជ្ជកម្មដាក់ឲ្យដំណើរការផ្លូវនូវគេហទំព័រថ្មីរបស់ខ្លួន

ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាកម្ពុជា បានសម្រេចប្តូរពីគេហទំព័រកាំកុងត្រូលWWW.CAMCONTROL.GOV.KH ទៅជាWWW.CCFDG.GOV.KH ឲ្យស្របតាមឈ្មោះតួនាទី និងភារកិច្ចបច្ចុប្បន្នរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នាព្រឹកថ្ងៃទី២៣ កញ្ញានេះ បនមានប្រសាសន៍ថា ការរៀបចំធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃគេហទំព័រផ្លូវការ របស់អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម គឺទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមគម្រោង PROTECT ហើយគេហទំព័រថ្មីនេះ មានលក្ខណៈពិសេសមួយចំនួនដូចជា ការដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ការប្រមូលផលិតផលត្រឡប់មកវិញ និងច្បាប់និងបទប្បញ្ញត្តិ។

ទាក់ទិននិងសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា មានសារៈសំខាន់ណាស់ក្នុងការចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនៅកម្ពុជា ដែលអគ្គនាយក     ដ្ឋាន ក.ប.ប មានតួនាទីចម្បងក្នុងការអនុវត្តការងារនេះ ជាពិសេសសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាវិស័យឯកជននានា ពាក់ព័ន្ធនឹងបរិបទទូទៅនៃច្បាប់មួយនេះ ព្រមទាំងបញ្ជាក់ថាការអនុវត្តច្បាប់នេះ នឹងជួយជំរុញឲ្យមានការធ្វើធុរកិច្ច ប្រកបដោយសុចរិតភាព ហើយមិនមែនជាឧបសគ្គដល់ការរីកចម្រើនរបស់ធុរកិច្ចឡើយ។

លោក Frank Jattke ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជាបានលើកឡើងថា ការធ្វើធុរកិច្ចប្រកបដោយសុចរិតយុត្តិធម៌ ទាំងតាមប្រព័ន្ធអនឡាញ និងមិនមែនអនឡាញ គឺជាកត្តាសំខាន់ជំរុញនូវភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុនដែលទទួលបានការពេញចិត្ត ពេញថ្លើមពីសំណាក់អតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋាន អតិថិជនរបស់ខ្លួនបានកាន់តែទូលំទូលាយ ព្រោះហេតុដូច្នេះហើយ ទើបកាលពីឆ្នាំ២០១៩ អាស៊ានបានបង្កើតមគ្គុទ្ទេសក៍សាមញ្ញមួយ ហៅថាក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលក្នុងនោះបាន បញ្ចូលនូវការប្ដេជ្ញាចិត្តចំនួន១៥ សម្រាប់ធុរកិច្ចប្រតិបត្តិតាម ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងជាកិច្ច ការពារដល់អ្នកប្រើប្រាស់។

លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានលើកឡើងថា អគ្គនាយកដ្ឋានបានខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំបទប្បញ្ញត្តិទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជារៀបចំនូវយន្តការ និងប្រព័ន្ធដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ក្នុងទម្រង់នៃការជួបដោះស្រាយទំនាស់ដោយផ្ទាល់ ឬការដោះស្រាយទំនាស់តាមប្រព័ន្ធអនឡាញ ក្រោមការឧបត្ថម្ភពី GIZ។ លោកបន្ថែមថា ទន្ទឹមគ្នានឹងការផ្សព្វផ្សាយច្បាប់ ការជំរុញឲ្យមានការគោរពច្បាប់និងបទប្បញ្ញត្តិនានាដែលកំពុងចូលជាធរមានក៏ត្រូវបានអនុវត្តផងដែរ។ ក្នុងន័យនេះ អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលត្រូវបានប្រគល់អាណិត្តដោយច្បាប់ ជាស្ថាប័នមួយនាំមុខ ទទួលបន្ទុកជំរុញឲ្យមានការអនុវត្តច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងផ្សព្វផ្សាយច្បាប់នេះ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់គ្រប់ស្រទាប់មហាជនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រោះថាច្បាប់នេះនឹងបញ្រ្ជៀបការយល់ដឹងកាន់តែស៊ីជម្រៅជូនដល់អ្នកប្រើប្រាស់ និងអ្នកធ្វើធុរកិច្ច សំដៅធ្វើយ៉ាងណាឲ្យសិទ្ធិ និផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ ជាមួយនឹងការធ្វើពាណិជ្ជកម្មប្រកបដោយការប្រកួតប្រជែងដោយសុចរិត អ្នកប្រើប្រាស់និងពាណិជ្ជករ ធ្វើសកម្មភាពពាណិជ្ជកម្មជាមួយគ្នាដោយមានទំនុកចិត្ត ធ្វើឲ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រម លេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ អគ្គនាយកដ្ឋាន ក.ប.ប ដើរតួនាទីជាស្ថាប័នអនុវត្តសំខាន់ និងត្រូវបានប្រគល់នូវភារកិច្ចទាក់ទង នឹងការការពារអតិថិជន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (NCCP) គឺជាស្ថាប័នគោលនយោបាយខ្ពស់ជាងគេ ហើយបច្ចុប្បន្នមានក្រសួងពាក់ព័ន្ធចំនួនប្រាំពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here