រដ្ឋាភិបាលស្នើក្រុមហ៊ុនចិនវិនិយោគទឹកប្រាក់១៣លានដុល្លារតភ្ជាប់បណ្តាញទឹកស្អាតពីក្រុងសៀមរាបទៅតំបន់ព្រលានយន្តហោះថ្មី

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ណស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅក្រុមហ៊ុនសាងសង់ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី AIAI ឱ្យវិនិយោគទឹកប្រាក់ប្រមាណ១២ ទៅ១៣លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញចែកចាយទឹកស្អាតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ព្រលានយន្តហោះថ្មីនៅក្នុងស្រុកសូត្រនិគម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធរដ្ឋមន្រ្តីក្រសួងឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងអាកាសចរណ៍ស៊ីវិលព្រមទាំងតំណាងក្រុមហ៊ុន AIAI លោកចម ប្រសិទ្ឋបានលើកឡើងថា ដោយសារព្រលានថ្មីនេះមានទីតាំងនៅស្រុកសូត្រនិគម ចម្ងាយ៥០គីឡូម៉ែត្រពីក្រុងសៀមរាប បញ្ហាប្រឈមធំទៅអនាគតគឺការផ្គត់ផ្គង់ទឹកស្អាត ដូច្នេះក្រុមហ៊ុនត្រូវគិតគូ លើការវិនិយោគសង់បណ្ដាញថ្មីភ្ជាប់ទៅនឹងរដ្ឋាករទឹកស្វយ័តក្រុងសៀមរាប អោយបានមុនគម្រោងព្រលានបញ្ចប់ការសាងសង់។

លោកបន្តថា “បើគិតពីព្រំប្រទល់នៃទីក្រុងសៀមរាប ទៅដល់ព្រលានថ្មីគឺមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ បើប្រើបំពង់ទុយោពីដើមទីទៅ ត្រូវប្រើទំហំ៦០០ម.ម រួមជាមួយការសាងសង់អាងស្តុក និងស្ថានីយចែកចាយបន្ត អាចនឹងចំណាយប្រមាណ ១២ ទៅ ១៣ លានដុល្លារ”។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ការសង់បណ្ដាញថ្មីនេះ នឹងអាចផ្គត់ផ្គង់ទឹកបាន ៥ពាន់ ទៅ១ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលនឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងទំហំវិនិយោគ សក្ដានុពលអាជីវកម្ម រោងចក្រសហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅពេលអនាគត។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់គាំទ្រ ចំពោះអនុសាសន៍ណែនាំរបស់ក្រសួងហើយនឹងបញ្ជូនព័ត៌មាននេះ ជូនទៅថ្នាក់លើរបស់ខ្លួន ដើម្បីពិចារណា។

អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី គិតមកដល់បច្ចុប្បន្នដំណើរការសាងសង់បានចំនួន៤៥ភាគរយហើយ ដោយគ្រោងនឹងសម្រេចបញ្ចប់ឲ្យរួចរាល់ នៅចុងឆ្នាំ២០២២ខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here