ដោយៈសហសេវិក
ភ្នំពេញៈ ប្រទេសកម្ពុជាបាននិងកំពុងបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែសកម្មថែមទៀត ជាមួយបណ្តាប្រទេសនានា ដើម្បីជំរុញកំនើនពាណិជ្ជកម្ម និងការវិនិយោគ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលជាតំណាងមកពីបណ្តាក្រសួង-ស្ថាប័នចំនួន៩ ដើម្បីជួបពិភាក្សាការងារជាមួយ គណៈប្រតិភូរបស់សាធារណរដ្ឋម៉ូរីស ដែលដឹកនាំដោយលោក Virednra Kumarsingh Daby នាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រសួងអភិវឌ្ឍឧស្សាហកម្ម សហគ្រាសធុនតូច-មធ្យម និងកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋម៉ូរីស។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ និងផ្តោតសំខាន់លើការចែករំលែកគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការអនុវត្តល្អៗ ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ហិរញ្ញវត្ថុ ប្រៃសណីយ៍និងទូរគមនាគមន៍ អប់រំ វិនិយោគ-ល-។
លោកប៉ែន សុវិជាតិ បានរំលេចពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ម៉ូរីស ដែលមានទំហំត្រឹមតែ២.៤លានដុល្លារ អាមេរិកប៉ុណ្ណោះក្នុងឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជានាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ២.២៦ លានដុល្លារ។ កន្លងមកភាគីទាំងពីរបានធ្វើសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មហិរញ្ញវត្ថុ។
លោកបន្តថា “ក្នុងស្មារតីនេះ ភាគីកម្ពុជាស្នើឱ្យភាគីសាធារណរដ្ឋម៉ូរីសជួយពន្លឿនការពិនិត្យ ដើម្បីភាគីទាំងពីរអាចបន្តនីតិវិធីបន្តលើ MoU ទាំង៣នាពេលដ៏ខ្លីខាងមុខ”។
ជាការឆ្លើយតប ភាគីជំនួបបានលើកឡើងពីគោលនយោបាយ និងយុទ្ធសាស្ត្រដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ក្នុងនោះរួមមានកំណែទម្រង់ផ្នែកស្ថាប័ន និងបទប្បញ្ញត្តិ សំដៅពង្រឹងការគាំទ្រការអភិវឌ្ឍផ្នែកសហគ្រាសធុនតូច និងមធ្យម (SME) និងបង្កើនទំនុកចិត្តដល់បណ្តាធុរជន និងវិនិយោគិនឯកជននៅសាធារណរដ្ឋម៉ូរីស។ សធារណរដ្ឋម៉ូរីស ក៏ទទួលបានការរីកចំរើនវិជ្ជមាន លើសន្ទស្សន៍នៃភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដែលកើតចេញពីកំណែទម្រង់ទាំងនេះ។
ជាមួយគ្នានេះ ភាគីសាធារណរដ្ឋម៉ូរីសបានសន្យាថា នឹងពន្លឿនការពិនិត្យ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយសារតែក្រសួងមួយចំនួនរបស់ប្រទេសនេះ ត្រូវបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដែលត្រូវការសម្របសម្រួលបន្ថែមទៀត ពីភាគីសាធារណរដ្ឋម៉ូរីស៕







