ធនាគារSMEបញ្ចេញឥណទាន២៦លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម

        ដោយៈ តារារះ

        ភ្នំពេញៈធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដែលជាដៃគូ  បានបញ្ចេញឥណទានទំហំប្រមាណ២៦លានដុល្លារអាមេរិក រួចហើយ នៅក្នុងគម្រោងហិរញ្ញប្បទានជំហានទី២ នេះ ដើម្បីជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នៅក្នុងស្ថានភាពនៃការនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

តាមរបាយការណ៍ធនាគារសហគ្រាសធុនតូច និងមធ្យម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃគម្រោងសហហិរញ្ញប្បទានជំហានទី២ សម្រាប់ជួយទ្រទ្រង់ដល់វិស័យ SME មានទំហំទឹកប្រាក់១០០លានដុល្លាអាមេរិកនោះ គិតមកដល់ពេលនេះ ធនាគារ SME រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដែលជាដៃគូ បានបញ្ចេញឥណទានសរុបប្រមាណ២៦ លានដុល្លាអាមេរិករួចហើយ ដែលក្នុងនោះភាគច្រើនបានផ្តល់ជូន ដល់ប្រភេទអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីបញ្ចេញទឹកប្រាក់ខាងលើ សម្រាប់សហហិរញ្ញប្បទានជំហានទី២ ដែលនៅសល់ គ្រឹះស្ថានដែលជាដៃគូរទាំងអស់ កំពុងបញ្ចេញផ្តលជូនដល់សហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការ ដែលក្នុងនោះបើតាមការប៉ាន់ស្មាន ទំហំទឹកប្រាក់ដែលនៅសល់ទាំងនោះ នឹងអាចបញ្ចេញអស់ នៅចុងឆ្នាំ២០២១ ឬយ៉ាងយូរបំផុត នៅត្រឹមដើមឆ្នាំ ២០២២ ប៉ុណ្ណោះ ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)  លើកឡើងថា ការទម្លាក់ថវិកាបន្ថែមនៅក្នុងជំហានទី២ របស់រាជរដ្ឋាភិបាលនេះ សម្រាប់សមាជិកនៅក្នុងសមាគម កឺបានទទួលហិរញ្ញប្បទាននេះជាបណ្តើរៗ ដើម្បីយកកញ្ចប់ថវិការទាំងនោះមកស្តារ និងបន្តក្នុងអាជីវកម្មរបស់ពួកគាត់ឲ្យដំណើរល្អឡើងវិញ។ តាមរយៈនេះមិនត្រឹមតែជួយអាជីវកម្មឲ្យងើបឡើងវិញទេ គឺជាការជួយដល់បុគ្គលិក កម្មករ ដែលបម្រើការងារនៅទីនោះឲ្យមានការងារធ្វើផងដែរ។

មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទានជំហានទី២  មានទំហំទឹកប្រាក់១០០ លានដុល្លារអាមេរិក ដែលជាការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នា រវាងធនាគារស​ហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៃគម្រោងសហហិរញ្ញប្បទាននេះមានចំនួន២៦ រួមមាន ធនាគារពាណិជ្ជចំនួន២១ ធនាគារឯកទេសចំនួន១ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចំនួន៣ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៕

LEAVE A REPLY

Please enter your comment!
Please enter your name here