ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ កម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិតកម្ពុជា ដែលទទួលបានការគាំទ្រ ពីទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការអាស៊ី (AIP) នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានបើកវេទិកាប្រចាំឆ្នាំ ជាមួយបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករ និយោជិតកម្ពុជា។

វេទិកានេះមានគោលបំណង ដើម្បីផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពសុវត្ថិភាព ក្នុងការធ្វើដំណើរ ទៅមកបំពេញការងាររបស់កម្មករនិយោជិត និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករនិយោជិតកម្ពុជា។ តាមរយៈវេទិកានេះដែរ នឹងបង្កើនការភ្ជាប់ទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិល វិស័យឯកជន ស្ថាប័នរាជរដ្ឋាភិបាល សហជីព ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដែលមានកង្វល់ដូចគ្នា អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងធ្វើការពិភាក្សាអំពីដំណោះស្រាយ និងកំណត់នូវតួនាទីរបស់អ្នកពាក់ព័ន្ធ ក្នុងការរួមចំណែកធ្វើឲ្យការធ្វើដំណើររបស់កម្មករ និយោជិតកម្ពុជា កាន់តែមានសុវត្ថិភាពប្រសើរឡើង។ កម្មវិធីនេះមានអ្នកចូលរួមសរុបជាង ១០០នាក់។

ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករ និយោជិតប្រមាណ៧០ម៉ឺននាក់ ធ្វើដំណើរទៅមកបំពេញការងារជារៀងរាល់ថ្ងៃ។ ពួកគេកំពុងប្រឈមនឹងហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសាររបស់ពួកគេ។ ក្នុងឆ្នាំ២០២០ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងដែលធ្វើដំណើរទៅមកបំពេញការងារបានជួបគ្រោះថ្នាក់ លើដងផ្លូវចំនួនជាង២ពាន់លើក ស្មើនឹងជាង១៨៣លើកក្នុង១ខែ ដោយធ្វើឲ្យកម្មករ និយោជិតចំនួន៣០នាក់បានស្លាប់ និងជាង២,៧០០នាក់ បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ៕







