រដ្ឋបាលខេត្តកំពតគ្រោងអភិវឌ្ឍន៍ឆ្នេរព្រែកកំពតថ្មី ដើម្បីបម្រើវិស័យទេសចរណ៍

        ដោយៈតារា

ភ្នំពេញៈ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តកំពត ពិសេសក្រុងកំពតឲ្យកាន់តែមានភាពទាក់ទាញ រដ្ឋបាលខេត្តបានគ្រោងរៀបចំអភិវឌ្ឍន៍ ឆ្នេរដងព្រែកកំពតមួយបន្ថែមទៀត ស្ថិតនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត។

ក្រោយពេលស្ថាបនារួច ភ្ញៀវទេសចរអាចអង្គុយលំហែស្រូបខ្យល់បរិសុទ្ធ គយគន់ថ្ងៃលិចពីកំពូលភ្នំ និងញាំអាហារលើឆ្នេរខ្សាច់នៅយប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជាវ តាយ អភិបាលខេត្តរួមនឹងថ្នាក់ដឹកនាំមន្ទីរជំនាញ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃម្សិលម៉ិញ បានចុះសិក្សាទីតំាងគម្រោងរៀបចំ អភិវឌ្ឍន៍ឆ្នេរដងព្រែកកំពត ស្ថិតនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ចន្លោះពីផែកំពង់កណ្តាល និងមណ្ឌ​លកីឡាដ្ឋានលើទឹក ដែលមានប្រវែងប្រមាណ៣០០ម៉ែត្រ និងទទឹងឆ្នេរប្រមាណជាង១០ម៉ែត្រ ។

លោកបានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍគម្រោងមួយបានជោគជ័យ ធានាបាននូវគុណភាពនិរន្តរភាព បញ្ចៀសបាននូវផលប៉ះពាល់ គឺចាំបាច់ត្រូវមានការចូលរួមពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមផ្ដល់នូវមតិយោបល់ល្អៗឲ្យបានច្រើន។ ជាក់ស្ដែងការចុះមកពិនិត្យដល់ ទីតាំងគម្រោងនេះ គឺក្នុងគោលបំណងដើម្បីសិក្សា ស្វែងរកលទ្ធភាព តាមរយៈការចូលរួមផ្តលមតិយោបល់ពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធសំដៅធ្វើយ៉ាងណា ឲ្យគម្រោងអាចដំណើរបានឆាប់រហ័ស និងរលូន ប្រកបដោយគុណភាព និរន្តរភាពបញ្ចៀស បាននូវផលប៉ះពាល់ឲ្យនៅមានកម្រិតតិចបំផុត និងអាចបម្រើដល់ផលប្រយោជ​ន៍សាធារណជនឲ្យបានច្រើនបំផុត។

អភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ជំនាញ អាជ្ញាធរពាក់ព័ន្ធ  ពិសេសជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត ត្រូវសហការគ្នាជាមួយនឹងអ្នកវិនិយោគ ក្នុងការសិក្សារៀបចំគម្រោងប្លង់មេឲ្យបានច្បាស់លាស់ នឹងលឿនរហ័សនៅពេលខាងមុខនេះ។

លោកបន្តថា “ខេត្តកំពតពិសេសទីក្រុងកំពត ក្រោយពីបានបង្កើតឆ្នេរព្រែកកំពតថ្មីមួយនេះរួច នឹងអាចជួយបង្កើនភាពទាក់ទាញទេសចរ ព្រមទាំងអាជីវកម្មការងារ រួមនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត”។

គម្រោងការរៀបចំអភិវឌ្ឍឆ្នេរដងព្រែកកំពតនេះ គឺជាគម្រោងវិនិយោគជាមួយវិស័យឯកជន ដោយជំហ៊ានដំបូងតម្រូវឲ្យភាគីអភិវឌ្ឍន៍ ធ្វើការបូមខ្សាច់ចាក់បំពេញតាមឆ្នេរដងព្រែក និងរៀបចំខឿនទប់ខ្សាច់ ដែលមានប្រវែងជិត៣០០ម៉ែត្រ ទទឹងប្រមាណជាង១០ម៉ែត្រ ចាប់ពីចំណុចមណ្ឌលកីឡាលើទឹក រហូតដល់ផែទូកនេសាទកំពង់កណ្តាល នៅជាប់ទីលានសាធារណៈព្រះបាទអង្គឌួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here