ស្រុកដំណាក់ចង្អើរ ខេត្តកែបទទួលចំណងដៃថ្មីលើផ្លូវមួយខ្សែ

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែបបានទទួលចំណងដៃថ្មី តាមរយៈរដ្ឋបាលខេត្ត នោះគឺផ្លូវចាក់កៅស៊ូ​ DBST ប្រវែង ២,០៥៥ម៉ែត្រ ទទឹង១៨ម៉ែត្រ​ ស្ថិតនៅភូមិអង្កោល។

លោកសោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសោម ពិសិដ្ឋបានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅមូលដដ្ឋាន ទទួលបានសមិទ្ធផលបន្តបន្ទាប់ពីរាជរដ្ឋាភិបាល សំដៅប្រែក្លាយពីទីជនបទ ផ្សារភ្ជាប់ទៅកាន់ទីប្រជុំជននានា និងជំរុញកំណើនសេដ្ឋកិច្ច បង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលគ្រប់ប្រភេទ។​

លោកបន្តទៀតថា​ “ផ្លូវមួយខ្សែនេះជាផ្លូវយុទ្ធសាស្ត្រ ក្នុងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាងក្រុងកែប និងផ្លូវលេខ១៣៣២ ដែលជាផ្លូវស្របមាត់សមុទ្រ នេះគឺជាចក្ខុវិស័យមួយរបស់ខេត្តកែប ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត​ ក៏ដូចជាស្ថាប័​នពាក់ព័ន្ធ ធ្វើអោយសម្រេចបាននៅសមិទ្ធផលមួយនេះឡើង”។

លោកបន្តថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន លោកតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច បើទោះបីក្នុងកាលៈទេសៈលោកទាំងពីរ កំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ ក៏ដោយ ក៏លោកទាំងពីរតែងតែជំរុញការកសាងសមិទ្ធផលថ្មីៗ​ ក្នុងមូលដ្ឋានដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកសោម ពិសិដ្ឋ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំអោយចូលរួមជាមួយអំពើល្មើសច្បាប់នានា​ ដូចជា​ ការកាប់បំផ្លាញព្រៃលិចទឹក ការលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀនជាដើម​ ។ល។ ជាពិសេសទៅទៀតនោះ​ ត្រូវការពារខ្លួន ដើម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងវិធានការនានា​ របស់ក្រសួងសុខាភិបាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here