តើកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាស៊ានបានពិភាក្សាលើបញ្ហាអ្វីខ្លះ?

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីកន្លងទៅនេះបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ (53rd ASEAN Economic Ministers Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ បានដឹកនាំដោយលោកបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រទេសព្រុយណេ និងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មនៅក្រោយចប់កិច្ចប្រជុំ នៅរសៀលថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១នេះបានឲ្យដឹង ក្នុងនោះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ បានពិភាក្សានិងកត់សម្គាល់លើកិច្ចការសំខាន់ៗរបស់អាស៊ាន ដូចជា៖វឌ្ឍនភាពនៃសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមភាពជាប្រធានអាស៊ាន របស់ប្រទេសព្រុយណេក្នុងឆ្នាំ២០២១ ពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយអាស៊ាន(ACRF) សេចក្តីព្រាងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចវិលជុំ (Circular Economy) សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច (HLTF-EI) សម្រាប់កិច្ចប្រជុំ AEM លើកទី៥៣, វឌ្ឍនភាពក្នុងការបំពេញនីតិវិធី ក្នុងស្រុកសម្រាប់កិច្ចព្រមព្រៀងRCEP ដែលរំពឹងថា នឹងចូលជាធរមាននៅឆ្នាំ២០២២ និងការពិភាក្សាផ្ទៃក្នុងត្រៀម សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនាសំខាន់ៗ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានអនុម័តឯកសារផែនទីបង្ហាញផ្លូវ “Bandar Seri Begawan” សម្រាប់សមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន និងរបាយការណ៍របស់ប្រធានឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២១ ហើយជាមួយគ្នានោះ ក៏បានប្រកា​សជាផ្លូវការ នូវការវាយតម្លៃលើការប្រកួតប្រជែងអាស៊ាន របស់អង្គការដើម្បីសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១៣ រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុនលើកទី១៣ និងកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូសន្ទនាសំខាន់ៗ រួមមាន កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន លើកទី២០, អាស៊ាន-កូរ៉េ លើកទី១៨, អាស៊ាន-ស្វីស, អាស៊ានបូកបី លើកទី២៤, អាស៊ាន-អាមេរិក, អាស៊ាន-ហុងកុង(ចិន) លើកទី៥, អាស៊ាន-ឥណ្ឌា លើកទី១៨, អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៦, អាស៊ាន-អឺរ៉ុប លើកទី១៧, អាស៊ាន-រុស្ស៊ី លើកទី១០, អាស៊ាន-ជប៉ុន លើកទី២៧, អាស៊ាន-អង់គ្លេស លើកទី១, និងអាស៊ីបូព៌ា លើកទី៩។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សា និងសម្រេចបានលទ្ធផលសំខាន់ៗ រួមមានទី១ការផ្លាស់ប្តូរទស្សនៈលើការស្តារទ្បើងវិញ នូវសេដ្ឋកិច្ច- សង្គមក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩ ទី២ ការកត់សម្គាល់លើវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ជាមួយបណ្តាប្រទេសដៃគូសន្ទនា ទី៣ ការអនុវត្តផែនការសកម្មភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ទី៤ ការជំរុញបន្តការងារក្នុងការធ្វើឱ្យប្រសើរឡើង (Upgrading) នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ជាមួយបណ្តាប្រទេសដៃគូសន្ទនា ដូចជាការសិក្សាសមិ​ទ្ធិលទ្ធភាព (Feasibility Study)  សំដៅពង្រីកកិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅ និងនៅក្នុងវិស័យផ្សេងទៀត ទី៥ ការអនុម័តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើពាណិជ្ជកម្មឌីជីថល ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ទីក្រុងឆ្លាត ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពរឹងមាំនៃសេដ្ឋកិច្ចនាពេលអនាគត និង៦)ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាមួយបណ្តាប្រទេសដៃគូសន្ទនា ដែលនឹងប្រារព្ធទ្បើងក្នុងខែតុលា ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here