FTA កម្ពុជា-កូរ៉េខាងត្បូង គ្រោងចុះហត្ថលេខានាខែតុលាខាងមុខនេះ

        ដោយៈម៉ាលីនណា

ភ្នំពេញៈ លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី (FTA) និងចូលជាធរមាននៅឆ្នាំ២០២២ខាងមុខ ខណៈដែលការចរចាទ្វេភាគីរវាងប្រទេសទាំងពីរបានបិទបញ្ចប់កាលពីខែកុម្ភៈកន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២០០ កញ្ញានេះថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នឹងអាចអញ្ជើញទៅចុះហត្ថលេខាដោយផ្ទាល់នៅកូរ៉េ ប្រសិនបើស្ថានភាពកូវីដ១៩ធូរស្រាល ឬអាចធ្វើតាមប្រព័ន្ធអនឡាញ បើស្ថានភាពកូវីដនៅមិនទាន់ល្អ។ លោកឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ គឺដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រោះថានេះជាកិច្ចខិតខំប្រឹងប្រែង និងជោគជ័យមួយថ្មីទៀតរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការបើកច្រកទីផ្សារសំរាប់នាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។

លោកបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ ក៏នឹងនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរបច្ចេកទេស និងការបង្កើនសមត្ថភាពក្នុងភាពជាដៃគូ។ ហើយយើងសង្ឃឹមថា ទំនិញចំនួនប្រមាណជាង១ម៉ឺនបន្ទាត់ពន្ធ នឹងនាំចេញដោយរួចពន្ធ ទៅទីផ្សារកូរ៉េដែលចំនួននេះ ទទួលបានលើសពីកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េ គ្រាទីផ្សារកូរ៉េ ដែលកម្ពុជាសំរេចចរចាបើកច្រកបានក្នុងពេលនេះ នឹងបង្កើនឱកាសថែមទៀតសំរាប់ទំនិញកសិផល កសិផលកែច្នៃ វាយនភ័ណ្ឌកាត់ដេរ កាបូបធ្វើដំណើរ ផលិតផលកៅស៊ូគ្រឿងបង្គុំអេឡិចត្រូនិក និងផលិតផលផ្សេងទៀតមួយចំនួនធំ ដែលផលិតដោយអ្នកវិនិយោគក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស អាចនឹងនាំចេញដោយរួចពន្ធទៅទីផ្សារកូរ៉េ។

លោកបានបញ្ជាក់ទៀតថា ដូចយើងដឹងស្រាប់ហើយថា យើងជាសមាជិកអាស៊ាន ជាសមាជិកមួយរូបនៃប្រទេសទាំង១០ អាស៊ានក៏មានកិច្ចព្រមព្រៀងជាមួយកូរ៉េ ជារួមទីផ្សារទំនិញរបស់យើង មានស្រាប់ហើយសម្រាប់នាំទៅកូរ៉េ ហើយទីផ្សារកូរ៉េក៏មានទំនិញស្រាប់ហើយសម្រាប់នាំទំនិញមកទីផ្សារអាស៊ាន ក៏ប៉ុន្តែយើងចុះហត្ថលេខាទ្វេភាគីជាលក្ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺថាយើងមានទំនិញបន្ថែមទៀតពីលើទំនិញយើងចុះទីផ្សារដែលយើងធ្លាប់បានទទួលជាមួយកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េ។

លោកបន្ថែមថា កិច្ចសម្រួលពាណិជ្ជកម្មនេះ ក៏នឹងត្រូវបានអនុវត្តពេញលេញរបាំងមិនមែនពន្ធផ្សេងៗ រួមទាំងលក្ខខ័ណ្ឌអនាម័យ និងភូត្តគាមអនាម័យ វិធានប្រភពដើមទំនិញ, ការទទួលស្គាល់ទៅវិញទៅមកអំពីការវាយតម្លៃស្តង់ដារ គុណភាពទំនិញ និងរបាំងបច្ចេកទេសផ្សេងទៀត ក៏ត្រូវបានសំរួល និងលើកលែងសំរាប់លំហូរ ដោយសេរីនូវទំនិញ។ ដោយឡែកការចរចារអំពីវិនិយោគ និងសេវានឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ប្រការនេះអាចជាការទាក់ទាញ ថែមទៀតនូវវិនិយោគបរទេសមកកម្ពុជា និងនាំអោយមានការនាំមក និងផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីៗថែមទៀត។

លោកលើកឡើងបន្តថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះ បានចូលជាធរមាន យើងនឹងមានការចចារបន្ថែមពាក់ព័ន្ធបញ្ហាវិនិយោគ បញ្ហាសេវាកម្ម ដែលការងារទាំងអស់នេះ នឹងផ្តល់ជាប្រយោជន៍ធំធេងមកដល់កម្ពុជា ជាពិសេសទាក់ទងការងារវិនិយោគ ពីព្រោះច្បាប់វិនិយោគថ្មីរបស់យើងទើបអនុម័ត ហើយយើងបានលើកទឹកចិត្ត ឲ្យអ្នកធ្វើវិនិយោគទទួលបានអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី អញ្ចឹងហើយភាគីកូរ៉េចាប់អារម្មណ៍មកលើការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងនេះ អញ្ចឹងហើយអ្វីដែលយើងបានគឺបញ្ហាទាក់ទងនឹងវិនិយោគ ទាក់ទងនឹងសេវា ហើយបច្ចុប្បន្នអ្វីដែលជាអត្ថប្រយោជន៍របស់កម្ពុជា គឺបើកច្រកទីផ្សារទំនិញខ្មែរសម្រាប់ទីផ្សារកូរ៉េ។

នៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានចំនួនសរុបជាង៧២០លានដុល្លារអាមេរិក កើនឡើងជាង១៧ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង៨៨០លានដុល្លារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រំពឹងថានឹងជួយជំរុញឲ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ កើនឡើងដល់ជាង១ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here