ការលក់លំនៅដ្ឋានឯកជនថ្មីៗនៅសឹង្ហបុរី ធ្លាក់ចុះ២៣,៦%ក្នុងខែសីហាបន្ទាប់ ពីកើនឡើងខ្ពស់រយៈពេល៦ខែ

ដោយៈសុខុម

សឹង្ហបុរី: សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃពុធ ទី១៥ កញ្ញា នេះថា ការលក់លំនៅដ្ឋានឯកជនថ្មីៗ នៅប្រទេសសិង្ហបុរីបានធ្លាក់ចុះ២៣,៦%ក្នុងខែសីហា បន្ទាប់ពីបានកើនឡើងខ្ពស់រយៈពេល៦ខែនៅដើមឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមិនរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះ បានចំនួន១.២១៥យូនីត ក្នុងខែសីហា បើធៀបនឹងចំនួន១.៥៩១យូនីត ដែលលក់បានក្នុងខែកក្កដា។ នេះបើយោងតាមទិន្នន័យដែលអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៃប្រទេសសិង្ហបុរី បានបញ្ចេញនៅថ្ងៃពុធនេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការធ្លាក់ចុះការលក់នេះ បណ្ដាលមកពីប៉ះចំខែបុណ្យសែនក្បាលទឹក (Hungry Ghost Festival) ដែលជារដូវកាលស្ងប់ស្ងាត់ខុសធម្មតាសម្រាប់ទីផ្សារអចលនទ្រព្យ។

ពួកគេក៏បានកត់សម្គាល់ផងដែរថា ចំនួនយូនីតតិចជាងមុន ត្រូវបានដាក់លក់ក្នុងខែសីហា ពោលគឺផ្ទះថ្មីដែលដាក់លក់មានត្រឹមតែ៨៣៦យូនីតប៉ុណ្ណោះ។

នេះបង្ហាញពីការធ្លាក់ចុះ២៤.៣%បើធៀបនឹងចំនួន១.១០៤យូនីត ដែលបានដាក់លក់ក្នុងខែកក្កដា ហើយបានធ្លាក់ចុះ៤៧.២% បើធៀបនឹង១.៥៨២យូនីតដែលបានដាក់លក់កាលពីខែសីហា ឆ្នាំមុន។

ទោះជាយ៉ាងណា ក្រុមហ៊ុនអចលនទ្រព្យ PropNex Realty បានលើកឡើងដោយសុទិដ្ឋិនិយមថា ទោះបីជាការលក់ធ្លាក់ចុះក្ដី ក៏ចំនួនប្រតិបត្តិការទិញលក់ ក្នុងខែសីហា អាចចាត់ទុកថាល្អប្រសើរ។

ក្រុមហ៊ុននេះបានបន្ថែមថា “វាបានបង្ហាញពីភាពធន់របស់ទីផ្សារ ទោះបីខ្វះការបើកលក់ថ្មីៗ ព្រមទាំងប៉ះចំខែសែនក្បាលទឹក និងវិធានការរឹតបន្តឹងកូវីដ-១៩ ដំណាក់កាលទី២ ពីថ្ងៃទី២២កក្កដា ដល់ថ្ងៃទី១៨ សីហា ក្ដី”៕  CNA

LEAVE A REPLY

Please enter your comment!
Please enter your name here