ធនាគារអេស៊ីលីដារកប្រាក់ចំណេញបានជាង៨០លានដុល្លារអាមេរិកក្នុងឆមាសទី១ ទោះស្ថិតក្នុងវិបត្តិCovid-19

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ធនាគារអេស៊ីលីដា ភីអិលស៊ីបានប្រកាសថា ក្នុងឆមាសទី១ឆ្នាំ ២០២០នេះខ្លួនរកប្រាក់ចំណេញបានប្រមាណ៨១,៣លានដុល្លារមេរិក (ប្រាក់ចំណេញមុនបង់ពន្ធ ) ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី។

បើតាមលោកស្រីម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាហិរញ្ញវត្ថុ និងជាមន្រ្តីទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា “ធនាគារ អេស៊ីលីដា បានចាត់ចែងនិរន្តរភាពអាជីវកម្ម ទាំងវិធានបច្ចេកទេស ធនធានមនុស្ស ទុនហិរញ្ញវត្ថុ សម្រាប់គាំទ្រ កំណើនលូតលាស់ នៃដំណើរការអាជីវកម្មរបស់ខ្លួន ដោយរក្សាបាននូវសុខុមាលភាពហិរញ្ញវត្ថុ ស្របតាមផែនការយុទ្ធសាស្រ្ត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី បានបន្តថា “ជាក់ស្តែងនៅក្នុងឆមាសទី១ ឆ្នាំ២០២០ ស្ថានភាពប្រាក់ចំណេញរបស់ធនាគារទទួលបានជាងពាក់កណ្តាលនៃផែនការអាជីវកម្ម”។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសំពៀតឥណទានសរុប ៣,៩១ ពាន់លានដុល្លារអាមេរិក និងមូលធនសរុប ១,០១ ពាន់លានដុល្លារអាមេរិក ។

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជទី១ដែលបានបោះផ្សាយភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា ហើយតាមរយៈការចូលផ្សារហ៊ុនរបស់ធនាគារមួយនេះ បើតាមលោកហុង សុខហួរអគ្គនាយកផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ធ្វើអោយសកម្មភាពនៃការទិញលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជាមានសន្ទុះងើបឡើងមួយកម្រិតទៀត ហើយក៏សង្ឃឹមថានឹងទទួលបានក្រុមហ៊ុនធំៗដទៃទៀត ចូលរួមបោះផ្សាយមូលបត្ររបស់ខ្លួនក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។

បើទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី បណ្ដាធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនជាប្រចាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើព្រមទាំងសេវាហិរញ្ញវត្ថុដទៃទៀត ដែលធ្វើអោយធនាគារពាណិជ្ជមួយចំនួននៅតែទទួលបានប្រាក់ចំណេញដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here