ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព និងនិយោជកមិនទាន់សម្រេចបាននូវប្រាក់ឈ្នួលអប្បរិមា ក្នុងវិស័យវាយណភណ្ឌកាត់ដេរ និងស្បែកជើងនៅឆ្នាំ២០២២នៅឡើយទេ។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលីបានមានប្សាសន៍ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ក្រុមសហជីពចំនួន១៧រូប បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom ដើម្បីកែសម្រួលតួលេខកំណត់ប្រាក់ឈ្នួលអប្បបរមា តាមបែបវិទ្យាសាស្រ្តឡើងវិញជាថ្មី ដោយផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច ដែលតម្រូវឲ្យធ្វើការពិចារណាច្រើនលើក ច្រើនសារ និងពិនិត្យលើឯកសារស្ថិតិយោងផ្សេងៗ ដូចជាខាងអង្គការអន្តរជាតិការងារ(ILO), ធនាគារពិភពលោក(World Bank), ផ្សារនានា ក៏ដូចជាប្រទេសកំពុងប្រកួតប្រជែងក្នុងតំបន់អាស៊ានជាដើម ដើម្បីធ្វើជាទឡីករណ៍ក្នុងការជជែក ក៏ដូចជារកតួលេខជាក់លាក់ ក្នុងការចចារដែលអាចឈានដល់ការសម្រេច និងទទួលយកបានទាំងពីរភាគី។
ប៉ុន្តែលោកជឿថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ នឹងអាចតម្លើងច្រើនជាងឆ្នាំ២០២១ ដោយសារយោងតាមកត្តាផ្សេងៗ ដូចជា បញ្ហាកូវីដត្រូវបានទប់ស្កាត់ល្អប្រសើរ ការនាំចេញផ្សេងៗ និងអតិផរណាជាដើម ដើម្បីធ្វើជាទឡីករណ៍ក្នុងការជជែក ក៏ដូចជារកតួលេខជាក់លាក់ ក្នុងការចចារដែលអាចឈានដល់ការសម្រេច និងទទួលយកបានទាំងពីរភាគី និងផ្តល់ដង្ហើមដល់វិស័យនេះ ទទួលបានការវិនិយោគកាន់តែច្រើនបន្ថែមទៀត ជាពិសេសផ្តល់ឱកាសដល់កម្មករ កម្មការិនី មានការងារធ្វើកាន់តែច្រើនផងដែរក្នុងកាលៈទេសៈវិបត្តិកូវីដ១៩។
ជាមួយគ្នានេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅព្រឹកថ្ងៃនេះបានបញ្ជាក់យ៉ាងខ្លីថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាពិតជាមានការលំបាក ដោយសារការពិភាក្សាត្រូវផ្តោត លើលក្ខណៈបច្ចេកទេសហើយវែង ដូចជាលក្ខណសង្គម និងលក្ខណសេដ្ឋកិច្ច ដែលជាលក្ខណវិនិច្ឆ័យយកមកប្រើមិនងាយមានអ្នកយល់ទេ។

លក្ខណវិនិច្ឆ័យសម្រាប់ការកំណត់ប្រាក់ឈ្នួល អប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវផ្អែកលើលក្ខណវិនិច្ឆ័យសំខាន់ចំនួន២គឺ ១.លក្ខណវិនិច្ឆ័យបែបសង្គម រួមមាន៖ស្ថានភាពគ្រួសារ អតិផរណា និងការចំណាយក្នុងការរស់នៅ ទី២.លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច រួមមាន ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញលើវិស័យ។
កាលពីសប្តាហ៍កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ បានកំណត់ថ្ងៃទី១៤ ទី២១ និងទី២៨ ខែកញ្ញា សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ តាមរយៈប្រព័ន្ធអនឡាញ តាមសំណូមពរនិងស្ថានភាពជាក់ស្តែងនៃសមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើយ៉ាងណាត្រូវបញ្ចប់កិច្ចប្រជុំមុនពិធីបុណ្យភ្ជុំបិណ្ឌនៅពេលខាងមុខ៕







