ដោយៈលក្ខិណា
ភ្នំពេញៈ រដ្ឋបាលតាមបណ្ដាខេត្តមួយចំនួន បានចាប់ផ្ដើមប្រកាសពីការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានន័យប្រជាពលរដ្ឋ ក្នុងខេត្តទាំងនោះបានទទួលវ៉ាក់សាំងគ្រប់គ្នាឬស្ទើរតែគ្រប់គ្នាអស់ទៅហើយ។
ការបិទបញ្ចប់យុទ្ធនាការនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ការបើកឡើងវិញនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា បន្ទាប់ពីបានរឹតបន្តឹងវិធានការ អស់រយៈពេលជិត១ឆ្នាំមកហើយជាពិសេសចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ ២០២១ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែបឱ្យដឹងថា ខេត្តកែបបានបិទបញ្ចប់ នូវយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើងជាស្ថាពរ ដោយបានចាក់ជូនពលរដ្ឋ សរុបដូសទី២ប្រមាណ៩៦ភាគរយ ឬស្មើនឹងចំនួន២៦.៩២០នាក់ ។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំមានចំនួន៤.៧៨៣នាក់ ឬស្មើនឹង៧៦ភាគរយ។
ងាកទៅមើលខេត្តប៉ៃលិនវិញ ក៏បានប្រកាសបិទបញ្ចប់យុទ្ធនាការផងដែរ ក្នុងនោះលោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន អាយុ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន៤២,០៥៣ ស្មើនឹង១០២,៥៧ភាគរយ កុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៨,៦១៣នាក់ ស្មើនឹង៨៦,០៥ភាគរយ។
ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រប្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយ នៅទូទាំងប្រទេស ដែលនេះ បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស៕