វៀតណាម ចុះកិច្ចព្រមព្រៀងទិញសព្វាវុធជប៉ុន ដើម្បីទប់ការគំរាមកំហែមពីមហាយក្សចិន

ដោយៈសុខុម

ហាណូយ: ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បានចុះកិច្ចព្រមព្រៀងទិញសព្វាវុធ និងបច្ចេកវិទ្យាការពារជាតិពីប្រទេសជប៉ុន ដើម្បីទប់ការគំរាមកំហែមពីមហាយក្សចិន ស្របពេលចិន បញ្ចេញសាច់ដុំកាន់តែខ្លាំងឡើងៗ នៅដែនសមុទ្រក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ អំឡុងដំណើរទស្សនកិច្ចក្រៅប្រទេស លើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បន្ទាប់បានឡើងកាន់តំណែងកាលពីឆ្នាំមុន។ លោក Nobuo Kishi បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញថា ប្រទេសជប៉ុន នឹងពន្លឿនការចរចាជាមួយប្រទេសវៀតណាម ដើម្បីលក់នាវារបស់កងទ័ពការពារជាតិជប៉ុន បន្ទាប់ពីជួបជាមួយលោក Phan Van Giang ដែលជាសមភាគីវៀតណាម។

ប្រទេសវៀតណាម ដែលជាសមាជិកនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាប្រទេសទី១១ ហើយដែលបានចុះកិច្ចព្រមព្រៀងបែបនេះ ជាមួយប្រទេសជប៉ុន នៅពេលដែលប្រទេសចិន កំពុងអះអាងសិទ្ធិកាន់កាប់របស់ខ្លួននូវផ្នែកខ្លះ នៃសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។

មន្រ្តីក្រសួងការពារជាតិវៀតណាម មួយរូបនិយាយថា កិច្ចព្រមព្រៀងនេះធ្វើឡើង ខណៈ “ប្រទេសវៀតណាម កំពុងធ្វើពិពិធកម្មសព្វាវុធការពាររបស់ខ្លួន”។

ប្រទេសវៀតណាម មានទំនាក់ទំនងការពារជាតិយ៉ាងរឹងមាំ ជាមួយប្រទេសរុស្ស៊ី ហើយសព្វាវុធវៀតណាម ភាគច្រើនគឺទិញពីប្រទេសនេះរួមមានទាំងនាវាមុជទឹក និងយន្តហោះចម្បាំងផងដែរ ព្រោះប្រទេសនេះជាផ្នែកមួយ នៃអតីតប្លុកកុម្មុយនីស្តអំឡុងសម័យសង្គ្រាមត្រជាក់។

លោក Nobuo Kishi លើកឡើងថា កិច្ចព្រមព្រៀងនេះនឹង “ពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ជប៉ុន ហើយនឹងរួមចំណែកដល់ការការពារសន្តិសុខរបស់ប្រទេសនេះ”។

លោកបានបន្ថែមថា “ប្រទេសទាំង២បាងព្រមព្រៀងសហការគ្នា ដើម្បីការពារសណ្តាប់ធ្នាប់ដោយផ្អែកលើមូលដ្ឋានច្បាប់ ហើយបានបញ្ជាក់សាជាថ្មី អំពីសារៈសំខាន់នៃសេរីភាពនាវាចរណ៍ និងការហោះហើរ ព្រមទាំងការគោរពច្បាប់អន្តរជាតិផងដែរ”។

ប្រទេសវៀតណាម មានជម្លោះដែនដីជាមួយមហាយក្សចិន ជុំវិញប្រជុំកោះ Spratly និង Paracel នៅសមុទ្រចិនខាងត្បូង ដែលមានការចោទប្រកាន់ថា រដ្ឋាភិបាលប៉េកាំង បានបោះមូលដ្ឋានយោធានៅលើកោះមានជម្លោះដោយខុសច្បាប់។

អំឡុងជំនួបនេះ លោក Nobuo Kishi បានប្រាប់លោក Phan Van Giang លោកចង់បញ្ជូនសារទៅកាន់សហគមន៍អន្តរជាតិ ដើម្បីបង្ហាញជំហរប្រឆាំងដាច់ខាតរបស់លោកចំពោះ “ការប៉ុនប៉ងជាឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានការណ៍ជាក់ស្ដែង” នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង អះអាងសិទ្ធិកាន់កាប់ប្រកោះ Diaoyu Islands (ចិនហៅ) ដែលជប៉ុនហៅថា ប្រជុំកោះ Senkakus។

លោក Nobuo Kishi បង្ហាញពីទស្សនៈរបស់លោកដើម្បីរក្សា និងពង្រឹងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី និងបើកចំហ ហើយបានលើកឡើងនូវក្ដីបារម្ភទាក់ទងនឹងច្បាប់ដែលមហាយក្សចិន បានអនុវត្តកាលពីខែកុម្ភៈ ដែលអនុញ្ញាតឱ្យឆ្មាំសមុទ្ររបស់ខ្លួនប្រើប្រាស់អាវុធវាយប្រហារ ទៅលើនាវាបរទេសដែលខ្លួនយល់ថា បានចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់។

រដ្ឋមន្ត្រីការពារជាតិជប៉ុន រូបនេះបានប្រាប់សមភាគី Phan Van Giang ថា “ស្ថិរភាពនៃស្ថានភាព ជុំវិញបញ្ហាកោះតៃវ៉ាន់ ពិតជាមានសារៈសំខាន់ណាស់” សម្រាប់សន្តិសុខរបស់ប្រទេសជប៉ុន និងពិភពលោកទាំងមូល ហើយទន្ទឹមនេះបានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសជប៉ុន នឹងសហការជាមួយប្រទេសវៀតណាម ដើម្បីឈានទៅសម្រេចគោលដៅរំសាយសព្វាវុធ មហាប្រល័យគ្រប់ប្រភេទ និងកាំជ្រួចផ្លោង គ្រប់ចម្ងាយជិតឆ្ងាយរបស់កូរ៉េខាងជើង ឱ្យបានទាំងស្រុង៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here