ដោយៈសុធា
ភ្នំពេញៈ កម្ពុជាបាននិងកំពុងចូលរូមក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៨ ដែលបានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើក ពីចម្ងាយតាមរយៈការថតជាវីដេអូទុកមុន និងបានចាក់ផ្សាយក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ។
ថ្លែងទៅកាន់ពិធីសម្ពោធ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ គឺជាសក្ខីកម្មនៃភាពជោគជ័យ នៃទំនាក់ទំនងដៃគូសន្ទនារវាងចិន និងអាស៊ាន និងបាននាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជនចិន និងអាស៊ាន។
ពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ ធ្វើឡើងស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនារវាងចិន និងអាស៊ាន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យ ក្នុងរយៈពេល៣០ កន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ បង្កើតនូវកាលានុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចបាននូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និងបរិយាប័ន្ន។
ជាទិសដៅនាពេលអនាគត់ដ៏ខ្លីខាងមុខ សម្តេចចង់ឃើញចិន និងអាស៊ានពួតដៃគ្នាប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាពសកម្មភាពសង្គមនិងសេដ្ឋកិច្ច និងការរស់រានមានជីវិតរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកលបែបនេះ ទាមទារនូវសាមគ្គីភាព ការជឿទុកចិត្តគ្នា ការគិតគូរនិងអនុវត្តន៍រួមគ្នា ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិប្បតេយ្យរបស់ប្រទេសនីមួយៗ។
សម្តេចតេជោបានបន្ថែមថា ចិន និងអាស៊ានត្រូវបន្តកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបឲ្យទូលាយជាងមុន នូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី លំហូរវិនិយោគ ដើម្បីអនុញ្ញាតឲ្យកម្ពុជា ក៏ដូចប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពជំរុញការនាំចេញផលិតផលនិងសេវា ដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែម។
ពិព័រណ៍ចិន-អាស៊ានលើកទី១៨នេះ រៀបចំឡើងជាទម្រង់កូនកាត់ គឺការចូលរួមដោយផ្ទាល់ និងការចូលរួមអនឡាញ មានរយៈពេល៤ថ្ងៃ គឺចាត់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិទីក្រុងណាននីង តំបន់ស្វ័យតក្វាងស៊ី ប្រទេសចិន។
ប្រទេសកម្ពុជា បានចាត់បញ្ជូនក្រុមហ៊ុនចំនួន១៨ ចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៨ ឆ្នាំ២០២១ នេះ ក្នុងនោះ ចូលរួមដោយផ្ទាល់មានចំនួន៧ក្រុមហ៊ុន និងក្រុមហ៊ុនចូលរួមអនឡាញចំនួន ១១ក្រុមហ៊ុន ដែលមានស្តង់សរុបចំនួន៥៣ស្តង់៕