អគ្គនាយកដ្ឋានគយបន្ថយពន្ធ១០ភាគរយដល់ម្ចាស់យានយន្តដែលមកបង់ពន្ធនាំចូលត្រឹមបំណាច់ឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញតាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងទទួលអនុគ្រោះបន្ធូរបន្ថយពន្ធចំនួនភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់ ដែលមានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត២០២១ឡើយ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាលោកបណ្ឌិត គុណ ញឹមបានមានប្រសាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័តមានតាមរយៈប្រព័ន្ធវីដេអូ ហ្សូមកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងមកថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកាតព្វកិច្ចក្នុងការរកចំណូលជូនរដ្ឋ ដូចបានជ្រាបហើយថា រដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ច្រើនណាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ដូចជាកម្មកររោងចក្រជាដើម ដែលចំណាយច្រើន ចំណូលទាប មិនមែនជារឿងល្អឡើយ ដូច្នេះហើយគយត្រូវខិតខំបំពេញភារកិច្ចប្រមូលពន្ធជូនរដ្ឋ”។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូលជ្រាបថា នឹងអនុវត្តការប្រមូលពន្ធ និងអាករនាំចូលលើយានយន្ត គ្មានពន្ធទាំងនោះតាមគោលការណ៍ និងយន្តការដូចជា ផ្អាកសកម្មភាពបង្ក្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។ ដោយឡែក ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here