ដោយៈសុខុម
បាងកក: ចំនួនគណនីជួញដូររូបិយប័ណ្ណឌីជីថល បានកើនឡើងខ្ពស់រហូតដល់ទៅ២៧,៦ភាគរយ ពីមួយខែធៀបនឹងមួយខែ ខណៈអត្រាការប្រាក់សម្រាប់គណនីប្រាក់បញ្ញើធ្លាក់ចុះខ្លាំង។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៩ កញ្ញា។
យោងតាមក្រុមហ៊ុនស្រាវជ្រាវអំពីមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច Kasikorn Research Centerឱ្យដឹងថា បច្ចុប្បន្នមានគណនីជួញដូររូបិយប័ណ្ណឌីជីថល សរុបចំនួនជាង១.៣លានគណនីក្នុងទីផ្សារថៃ ពោលគឺតិចជាងពាក់កណ្តាល បើធៀបនឹងចំនួនគណនីផ្សារភាគហ៊ុន ប៉ុន្តែវាជាអត្រាកំណើនខ្ពស់ប្រចាំខែ។
ក្រុមហ៊ុនខាងលើនេះ បានធ្វើការស្ទង់មតិកាលពីពេលថ្មីៗនេះ ដើម្បីស្វែងយល់ពីឥរិយាបថវិនិយោគ របស់បុគ្គលិកក្រុមហ៊ុនឯកជន មានប្រាក់ចំណូលខ្ពស់ ដែលរស់នៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងនេះ។
លទ្ធផលនៃការស្ទង់មតិនេះបង្ហាញថា ចំនួន៦៩.៤%នៃអ្នកឆ្លើយសំណួរបានដឹងអំពីរូបិយប័ណ្ណឌីជីថល ហើយ៥២%បានបង្ហាញចំណាប់អារម្មណ៍ ចង់វិនិយោគលើរូបិយប័ណ្ណឌីជីថល ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងប្រជាប្រិយភាព នៃការជួញដូរបែបនេះ។
ទោះជាយ៉ាងណា ការជួញដូររូបិយប័ណ្ណឌីជីថល នៅតែត្រូវបានចាត់ទុកថាសម្រាប់តែមនុស្សមួយក្រុមតូច ពោលគឺគ្មានលក្ខណៈទូលំទូលាយ ព្រោះអ្នកជួញដូរសកម្មភាគច្រើនជាអ្នកដែលរស់នៅតំបន់ក្រុង ដែលមានប្រាក់ចំណូល និងប្រាក់សន្សំខ្ពស់។
លើសពីនេះទៀត ៤២%នៃអ្នកឆ្លើយតប ដែលមិនបានវិនិយោគលើរូបិយប័ណ្ណឌីជីល ក៏បានបង្ហាញចំណាប់អារម្មណ៍ ចង់វិនិយោគលើរូបិយប័ណ្ណឌីជីថលដែរ នៅឆ្នាំក្រោយ ដែលនេះបង្ហាញថា ចំនួនអ្នកជួញដូររូបិយប័ណ្ណឌីជីថល នឹងកើនឡើងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខ។
ការស្ទង់មតិនេះក៏បានរកឃើញដែរថា ជាធម្មតាវិនិយោគិននានា ដែលបានវិនិយោគលើរូបិយប័ណ្ណឌីជីថលរួចហើយ ផ្ដោតលើហាងឆេងឡើងចុះ ច្រើនជាងការជួញដូររយៈពេលវែង។
ការស្ទង់មតិដដែរបានរកឃើញថា ចំនួន៧៦.៣%នៃអ្នកជួញដូរររូបិយប័ណ្ណឌីជីថលសរុបបាននិយាយដូចៗគ្នាថា ពួកគេនៅតែមានឆន្ទៈប្រថុយប្រថាន ទោះបីជាការវិនិយោគរបស់ពួកគេ ត្រូវខាតបង់លើសពី៥០% ក្នុងរយៈពេលមួយថ្ងៃក៏ដោយ។ នេះឆ្លុះបញ្ចាំងពីទំនុកចិត្តខ្លាំងថា រូបិយប័ណ្ណឌីជីថល មានសមត្ថភាពអាចហក់ឡើងវិញយ៉ាងឆាប់រហ័ស។
ប្រហែល៤៨.៥%នៃអ្នកឆ្លើយតប ដែលបានវិនិយោគលើរូបិយប័ណ្ណឌីជីថលរួចហើយ បានចំណាយមិនលើសពី១០%ឡើយ នៃប្រាក់សន្សំរបស់ខ្លួន ដើម្បីវិនិយោគលើរូបិយប័ណ្ណឌីជីថល។ នេះបង្ហាញថា ពួកគេមានការយល់ច្បាស់ អំពីហានិភ័យដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថល ហើយមានសមត្ថភាព អាចរៀបចំយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីការពារការខាតបង់ធំ។
រូបិយប័ណ្ណឌីជីថលបាន និងកំពុងទាក់ទាញវិនិយោគិន កាន់តែច្រើនឱ្យហក់ចូលក្នុងទីផ្សារ ហើយតាមការពឹងថា ប្រជាប្រិយភាពរបស់វានឹងបន្តកើនឡើងកាន់តែខ្លាំង។ យោងតាមការស្ទង់មតិដដែលបង្ហាញថា វិនិយោគិនភាគច្រើន បង្ហាញពីការយល់ដឹងច្បាស់អំពីហានិភ័យនៃការវិនិយោគ។
ទោះជាយ៉ាងណា វិនិយោគិនខ្លះដែលឆ្លើយតប នៅក្នុងស្ទង់មតិនេះ ក៏បានបង្ហាញពីការយល់ដឹងខុសឆ្គង ចំពោះហានិភ័យទាក់ទង នឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណឌីជីថលផងដែរ ព្រោះពួកគេជឿជាក់ថា ប្រាក់ចំណេញដែលបានពីរូបិយប័ណ្ណឌីជីថលនឹងកើនឡើងខ្ពស់ជាលំដាប់។
ក្រុមហ៊ុន Kasikorn Research Center បានឱ្យជាយោបល់ថា ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើតឱកាស ពីការវិនិយោគលើរូបិយប័ណ្ណឌីជីថល បណ្ដាវិនិយោគិនក៏ដូចជា អាជ្ញាធរទីផ្សារចាំបាច់ ត្រូវមានទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងស៊ីជម្រៅអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ៕ Bangkok Post៕