តើគេអាចរកប្រាក់ចំណេញពីផ្សារហ៊ុនដោយរបៀបណា?

ដោយ ម៉ាលីនណា

ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនទាន់បានយល់ច្បាស់ពីការវិនិយោគលើផ្សារហ៊ុននៅឡើយទេ ហើយមិនដឹងគេអាចរកប្រាក់ចំណេញបែបណានៅឡើយទេ។

ហេតុនេះគេហទំព័រCambodiafinancialtimes.com សូមលើកយកចំណេះដឹងទាក់ទងនឹងបញ្ហានេះមកជម្រាបជូនមិត្តអ្នកអាន ដើម្បីបានសិក្សាស្វែងយល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើគេអាចចំនេញបែបណាពីផ្សារហ៊ុន? ចម្លើយ ឧបមាថា អ្នកចង់បើកហាងលក់រាយមួយជាមួយមិត្តរបស់អ្នក ហើយអ្នកត្រូវការដើមទុនចំនួន១០ម៉ឺនដុល្លារ ដើម្បីដំណើរការគម្រោងនោះឡើងជាក្រុមហ៊ុនថ្មីមួយ។

អ្នកបែងចែកភាគហ៊ុនជា១០០០ហ៊ុន ក្នុងតម្លៃមួយហ៊ុន១០០ដុល្លារ។ ប្រសិនបើអ្នកអាចលក់ភាគហ៊ុនទាំងអស់ ទៅឲ្យមិត្តរបស់អ្នក អ្នកនឹងបានទុនចំនួន១០ម៉ឺនដុល្លារតាមការចង់បាន (១០០០ហ៊ុន x ១០០ដុល្លារ)។

កត់ចំណាំៈ តាមច្បាប់ពាណិជ្ជកម្ម អ្នកមិនអាចលក់ភាគហ៊ុន ទៅឲ្យមនុស្សលើសពី៣០នាក់បានទេ ហើយក៏មិនអាចផ្សាយលក់ភាគហ៊ុនជាសាធារណៈបានដែរ ដរាបណាក្រុមហ៊ុនរបស់អ្នកមិនទាន់ចូលផ្សារមូលបត្រ។

ប្រសិនបើហាងរបស់អ្នករកប្រាក់ចំណេញ បន្ទាប់ពីទូទាត់ចំណាយអស់ និងបង់ពន្ធហើយ សល់ចំនួន៥០០០០ដុល្លារនៅឆ្នាំដំបូង មានន័យថាក្នុងមួយភាគហ៊ុននៃភាគហ៊ុនទាំង១០០០ មានសិទ្ធទទួលបានចំណែក១/១០០០ នៃប្រាក់ចំណេញសុទ្ធ។យកទឹកប្រាក់៥០០០០ដុល្លារ ចែកនឹង១០០០ហ៊ុន អ្នកនឹងរកឃើញប្រាក់ចំណេញ៥០ដុល្លារក្នុងមួយហ៊ុន ដែលពាក្យបច្ចេកទេសគេហៅថា Earnings Per Share ឬ ESP។

បន្ទាប់មក ដល់ពេលដែលអ្នកត្រូវកោះហៅម្ចាស់ភាគហ៊ុន ទាំងអស់មកពិភា​ក្សាថាត្រូវចែកភាគលាភដែលចំណេញបាននោះ ក្នុងចំនួនប៉ុន្មានលុយឬប៉ុន្មានភាគរយ។ តាមពិតទៅ អ្នកអាចបែងចែកភាគលាភពីប្រាក់ចំណេញសុទ្ធ ដែលរកបានទាំងអស់ ប៉ុន្តែធ្វើបែបនេះ អាជីវកម្មរបស់អ្នកមិនអាចរីកចម្រើនបានទេ ព្រោះអ្នកត្រូវការលុយដើម្បីទិញសម្ភារៈថែម ទិញទំនិញថែម ឬត្រូវពង្រីកសាខា។ ដូច្នេះអ្នកគួរយកលុយដែលចំណេញបានមួយចំនួនទៅវិនិយោគឡើងវិញ។

បើក្រុមហ៊ុនរបស់អ្នករីកធំកាន់តែខ្លាំង ហើយអ្នកចង់បោះលក់ភាគហ៊ុនជាសាធារណៈ ដែលអាចឲ្យអ្នកលក់ភាគហ៊ុននៅលើផ្សារមូលបត្រដោយស្របច្បាប់។

អ្នកអាចបង្កើនទុន តាមរយៈការលក់ភាគហ៊ុនជាសាធារណៈ បានរាប់លានដុល្លា​រដើម្បីយកមកពង្រីកអាជីវកម្មបន្ថែម។

ឧទាហរណ៍ជាក់ស្តែង នៅក្នុងប្រវិត្តិសាស្ត្រផ្សារហ៊ុនអាមេរិក នៅពេលដែលលោក Sam Walton នាំយកហាងលក់រាយWal-Mart ចូលផ្សារហ៊ុន វាបានប្រមូលទុនជាសាច់លុយសុទ្ធបានយ៉ាងច្រើនទៅឲ្យលោក យកទៅសងបំណុលអាជីវកម្ម និងពង្រីកសាខាបានទូទាំងប្រទេសអាមេរិក។

ឧទាហរណ៍មួយទៀត ហាងលក់អាហារដ៏ធំជាងគេលើពិភ លោក McDonald បានបោះលក់ភាគហ៊ុនធម្មតាចំនួន១០៧៩,១៨៦, ៦១៤ហ៊ុន (ជាង១ពាន់លានហ៊ុន)។មួយឆ្នាំក្រោយមក McDonald រកបានប្រាក់ចំណេញចំនួន៤ ១៧៦, ៤៥២, ១៩៦ដុល្លារអាមេរិក (ជាង ៤.១ពាន់លានដុល្លារ)។ បើយើងយកចំនួនចំណេញសុទ្ធ ទៅចែកជាមួយចំនួនភាគហ៊ុនដែលលក់ចេញ នោះយើងនឹងឃើញម្ចាស់ភាគហ៊ុន ចំណេញបាន៣.៨៧ដុល្លារក្នុងមួយភាគហ៊ុន។

ពេលនោះក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន McDonald បានសម្រេចបែងចែកភាគលាភ ដែលបានពីប្រាក់ចំណេញនោះ ទៅឲ្យម្ចាស់ភាគហ៊ុនចំនួន២.២០ដុល្លារក្នុងមួយហ៊ុន ដោយទុក១.៦៧ដុល្លារក្នុងមួយភាគហ៊ុន សម្រាប់យកទៅប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្ម។

ក្នុងអំឡុងពេលនោះ តម្លៃភាគហ៊ុនរបស់ McDonald មានតម្លៃ៦១.៦៦ដុល្លារក្នុងមួយភាគហ៊ុន ហើយនៅឆ្នាំ២០១៧ តម្លៃភាគហ៊ុនរបស់McDonald បានកើនឡើងដល់១៤០.៨៧ដុល្លារក្នុងមួយភាគហ៊ុន និងបានចែកភាគលាភ ទៅឲ្យម្ចាស់ភាគហ៊ុនចំនួន៣.៧៦ដុល្លារក្នុងមួយហ៊ុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here