ដោយៈតារា
ភ្នំពេញៈ អភិបាលខេត្តកំពតបានជំរុញឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធសហការគ្នាឈានទៅអនុវត្តន៍ គម្រោងបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ឲ្យបានឆាប់រហ័ស ដើម្បីអភិរក្ស ទ្រទ្រង់វិស័យជលផលសមុទ្រផង និងដើម្បីបម្រើដល់វិស័យទេសចរណ៍ផង។
នៅក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យពិភាក្សា លើការដាក់បង្ហាញប្លង់ទីតាំង គម្រោងនៃការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រខេត្តកំពត នៅក្នុងសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ នៅថ្ងៃទី៨ កញ្ញានេះ លោកជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា គម្រោងបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ពិតជាមានសារៈសំខាន់ ដើម្បីរួមចំណែកជួយលើកស្ទួយជីវភាពប្រជានេសាទ ក្នុងសហគមន៍ឲ្យបានកាន់តែល្អប្រសើរ ព្រោះក្នុងគម្រោងនោះ មានបែងចែកទាំងតំបន់អភិរក្សធនធានជលផល តំបន់នេសាទ និងតំបន់វិនិយោគលើវិស័យអេកូទេសចរណ៍ ដើម្បីទាក់ទាញទេសចរ។
លោកបានគាំទ្រ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញពាក់ព័ន្ធ សហការគ្នាឲ្យបានល្អ ក្នុងដំណើរការអនុវត្ត ធ្វើយ៉ាងណាឲ្យគម្រោងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ រដ្ឋបាលជលផល និងជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចុះពិនិត្យមើល ដល់ទីតាំងជាក់ស្ដែងក្នុងផែនទី ដែលត្រូវធ្វើការគ្រប់គ្រងអភិរក្សឲ្យបានសមស្របច្បាស់លាស់ មុននឹងដាក់ឲ្យរដ្ឋបាលខេត្តចុះហត្ថលេខាទទួលខុសត្រូវ ។
ការចុះត្រួតពិនិត្យវាយតម្លៃ ការវិនិយោគរបស់ក្រុមហ៊ុន និងការកំណត់បែងចែកច្បាស់លាស់ត្រឹមណា តំបន់អភិរក្ស តំបន់វិនិយោគ និងតំបន់នេសាទ ឲ្យបានលឿនឆាប់រហ័ស និងបញ្ចប់ឈានដល់ការចុះហត្ថលេខា កំណត់បានប្លង់គ្រប់គ្រងស្របតាមលក្ខណៈច្បាប់។
មន្ត្រីរដ្ឋបាលជលផលបានបញ្ជាក់ថា គម្រោងបង្កើតតំបន់គ្រប់គ្រង ជលផលសមុទ្រខេត្តកំពតនេះ ធ្វើឡើងស្របទៅនឹងគោលនយោបាយវិស័យជលផល និងទេសចរណ៍ជាតិ។ ក្នុងនោះការអនុវត្តតាមលក្ខណៈបច្ចេកទេស មានការកំណត់ព្រំប្រទល់ដែននេសាទ ទំហំ និយាមកា និងផែនការគ្រប់គ្រងច្បាស់លាស់ សម្រាប់បម្រើប្រយោជន៍ដល់ការនេសាទជាលក្ខណៈគ្រួសារ ប្រកបដោយនិរន្តរភាព ការការពារជីវចម្រុះប្រកបដោយប្រសិទ្ធភាព និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជានេសាទ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់វិស័យអេកូទេសចរណ៍ថែមទៀតផងដែរ៕