ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រមូលចំណូលលើអាជីវកម្មលក់ទឹកស្អាត សរុបបានចំនួនជាង១៦១ពាន់លានរៀល ស្មើនឹងប្រមាណ៤០ម៉ឺនដុល្លារអាមេរិក កើនឡើងប្រមាណជាង១០ពាន់លានរៀល ស្មើនឹង៦,៨២ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ការងាររយៈពេល៦ខែ ដើមឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា បានបង្កើតការផលិតទឹកស្អាត ដោយមានសមត្ថភាពផលិតទឹកក្នុងមួយថ្ងៃបានចំនួន៥៩២ពាន់ម៉ែត្រគីប ដោយបានតភ្ជាប់បណ្តាញមេទឹក និងការចែកចាយទឹកមានប្រវែង៣ ៦១៨គីឡូម៉ែត្រ ក្នុងនោះមានប្រជាពលរដ្ឋតបណ្តាញទឹកស្អាត ចូលតាមខ្នងផ្ទះ មានចំនួនជាង៤១ម៉ឺនអតិថិជន ដោយឡែកនៅទូទាំងរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹក ដោយបានអនុវត្តន៍ជាប់៩០ភាគរយនៃប្រជាជនសរុប។
គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និរោធជំហានទី១ ជំហានទី២ មានសមត្ថភាព ផលិត២៦០ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ បានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបន្ថែមបានប្រមាណ១,៥លាននាក់។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងការពង្រីកប្រព័ន្ធចែកចាយទឹក សមត្ថភាពផលិត៥៣ពាន់ម៉ែត្រគីប ក្នុង១ថ្ងៃ ផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋបន្ថែមបាន២៨ម៉ឺននាក់។
គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្ដេច មានសមត្ថភាពផលិត២០ពាន់ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបន្ថែមបាន៤០ពាន់នាក់ និងគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តត្បូងឃ្មុំ (ផ្ទេរឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២០ មានសមត្ថភាពផលិត១០ពាន់ម៉ែត្រគីប ក្នុង១ថ្ងៃ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបន្ថែមបាន ១៨ពាន់គ្រួសារ៕







