រដ្ឋាភិបាលបានផ្លាស់ប្តូរឈ្មោះអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីបង្កើនការគ្រប់គ្រង គុណភាព សុវត្ថិភាពទំនិញ

ដោយ៖ ប៊ី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានសម្ពោធផ្លាកឈ្មោះ និងរូបសញ្ញាថ្មី របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ជំនួសអតីតអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យ ទំនិញនីហរ័ណ អាហរ័​ណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិបានថ្លែងក្នុងពិធីនាព្រឹកថ្ងៃទី១៣ សីហានេះថា ការផ្លាស់ប្តូរឈ្មោះថ្មីគឺដើម្បីបន្តបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិ​ជ្ជកម្មបានប្រគល់ជូន ឱ្យស័ក្តិសមជាមួយនឹងមុខមាត់ថ្មីរបស់អគ្គនាយកដ្ឋាន។ ទន្ទឹមនឹងការដាក់សម្ពោធផ្លាកឈ្មោះ និងរូបសញ្ញាថ្មី លោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីនៅក្នុងអគ្គនាយកដ្ឋាន ក.ប.ប.ទាំងអស់ឱ្យបន្តការខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជាអាទិភាព ដើម្បីបង្កើនប្រសិទ្ធិភាព និងទំនុកចិត្តកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី ក៏បានណែនាំ និងស្នើឱ្យមន្ត្រីអគ្គនាយកដ្ឋានក.ប.ប ទាំអស់បន្តជំរុញសេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង និងសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត និងខិតខំកសាងអនុក្រឹត្យ ប្រកាសឬលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការងារអនុវត្តន៍ច្បាប់ ឱ្យមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា “មន្ត្រីទាំងអស់ត្រូវខិតខំទប់ស្កាត់ ឱ្យបាននូវការលក់ប្រេងបន្លំគុណភាព កឹបកេងផ្នែកបរិមាណ និងការលក់លើសតម្លៃកំណត់របស់ក្រសួ​ងពាណិជ្ជកម្ម”។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិបានបន្ថែមថា មន្ត្រីទាំងអស់ត្រូវបង្កើនសកម្មភាពផ្សព្វ​ផ្សាយ លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ព្រោះវាជាមានហានិភ័យខ្ពស់ និងត្រូវគ្រប់គ្រង ទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម មានលក្ខណៈបោកបញ្ឆោត ពង្វាងការពិត និងបំភាន់អ្នកប្រើប្រាស់ឲ្យយល់ច្រឡំ ប្រាសចាកពីបទប្បញ្ញត្តិនៃច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here