CBC និង TBCC ចុះអនុស្សរណយោគយល់រួមគ្នាក្នុងការជំរុញពាណិជ្ជកម្មនិង វិនិយោគរវាងថៃ និងកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ (CBC ) និងសមាគមពាណិជ្ជកម្មថៃ ប្រចាំប្រទេសកម្ពុជា (TBCC) បានចុះអនុស្សរណយោគយល់គ្នាមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងប្រទេសកម្ពុជានិងប្រទេសថៃ។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈ នៅព្រឹកថ្ងៃទី៦កញ្ញា២០២១នេះ លោកសម្បតិ្ត សុធា ប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា ការចាប់ដៃគ្នាក្នុងពេលនេះ នឹងជួយដល់ក្រុមហ៊ុនកម្ពុជានៅថៃ ក្នុងការស្វែងរកដៃគូជាមួយក្រុមហ៊ុនថៃនៅក្នុងប្រទេស ក៏ដូចជា ជួយក្រុមហ៊ុនថៃនៅក្នុងប្រទេសកម្ពុជា រកដៃគូជាក្រុមហ៊ុនកម្ពុជាក្នុងប្រទេសកម្ពុជា ។ កិច្ចសហការនេះដែរ ក៏នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសមួយកម្រិតទៀតផងដែរ ។

លោកបន្តថា “ក្នុងបរិបទកូវីដ១៩នេះ យើងគួរគិតថាមានមេរៀនអ្វីខ្លះ ដែលបានឆ្លងកាត់ ហើយយើងនឹងចាប់ដៃជាមួយគ្នាឱ្យខ្លាំងជាមួយគ្នា”។ លោកបន្តថា “ក្រៅពីការធ្វើពាណិជ្ជកម្ម កិច្ចសហការនេះដែរ ក៏នឹងជួយជំរុញដល់ទេសចរណ៍ទៅវិញទៅមក និងការផ្លាស់ប្តូរនូវវប្បធម៌ជាមួយគ្នាផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា បច្ចុប្បន្ននេះវិនិយោគិនថៃបាន និងកំពុងរង់ចាំមើលពីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ហើយបើសិនជាស្ថានភាពកូវីដ១៩នេះ បានដោះស្រាយចប់ពេលណាលោកថា វិនិយោគិនថៃនឹងចូលមកក្នុងប្រទេសកម្ពុជា ដើម្បីដាក់វិនិយោគរកស៊ីទៅតាមវិស័យនិងជំនាញរបស់ពួកគេ។

លោកថា “យើងជឿថានៅពេលឆាប់ៗនេះដែរ កម្ពុជានឹងបើកទូលាយនិងទទួលវិនិយោគិននានាជាពិសេសវិនិយោគិនថៃ ខណៈកម្ពុជាបានចាក់វ៉ាក់សាំងបានច្រើនជូនពលរដ្ឋទូទាំងប្រទេស”។

លោកស្រីជីរ៉ាណាន់ វង្សមង្គល តំណាងសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈរវាងCBC និង  TBCC នឹងជំរុញការធ្វើពាណិជ្ជកម្មផង និងការធ្វើវិនិយោគផង ។ នៅពេលវិនិយោគិនថៃចូលកម្ពុជា ពួកគេនឹងមានទំនុកចិត្តកាន់តែខ្លាំងថែមទៀត ក្នុងការបណ្ដាក់ទុននិងធ្វើមុខជំនួញ ។

លោកស្រីបន្តថា វាជាការប្រសើរណាស់ ទោះបីជាស្ថានភាពកូវីដ១៩ក្ដី តែទំនិញរបស់ប្រទេសថៃ នៅតែបន្តហូរចូលមកកម្ពុជា ហើយបើសិនជាស្ថានភាពកូវីដ១៩កាន់តែប្រសើរលោកស្រីជឿជាក់ថា នឹងមានការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងថៃកាន់តែល្អថែមទៀត។

លោកស្រីបន្តថា “ទោះបីមានការហូរចូលទំនិញថៃមកកម្ពុជាក្ដី តែការនាំចូលទំនិញពីថៃមកកម្ពុជា ក៏ឃើញថាមានការថយចុះ ប្រមាណ១០ភាគរយ ជាពិសេសទៅលើការនាំចូលសម្ភារៈសំណង់ និងគ្រឿងសង្ហារឹម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here