ក្រសួងទេសចរណ៍ជំរុញឲ្យស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ដោយៈ សុជាតា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានស្នើឲ្យស្រ្តីចូលរួមក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ក្នុងអំឡុងពេលនិងក្រោយវិបត្តិកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា លោកជំទាវហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី៦  កញ្ញា  ឆ្នាំ២០២១ បានលើកឡើងថា  ដើម្បីចូលរួមអនុវត្តគោល​នយោបាយ “សមភាពយេនឌ័រ” ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់ នូវផែនការយុទ្ធសាស្ត្របញ្រ្ជាបនិងលើកកម្ពស់យេនឌ័រ ក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ។

លោកជំទាវបន្តថា “ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច”។

លោកជំទាវហ៊ុន ដានីបានបន្តថា កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទីស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

អង្គសិក្ខាសាលាទាំងមូល បានដាក់ចេញនូវគោលដៅ៦ ចំណុចសំខាន់ដើម្បីជំរុញការចូលរួមបន្ថែមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍មានដូចជា អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្រ្តី និងស្ត្រីក្នុងវិស័យឯកជន និងជំរុញការឈោងចាប់យកបច្ចេកវិទ្យាព័ត៌មានមកអនុវត្តក្នុងការងារ និងអាជីវកម្ម។ ពង្រឹងយន្តការគ្រប់គ្រងក្នុងរចនាសម្ព័ន្ធ ព្រមទាំងលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងអប់រំដល់ស្ត្រីនៅគ្រប់ផ្នែក គ្រប់កម្រិត។ជាងនេះទៀត ក្រសួងជំរុញលើកកម្ពស់ការងារផ្សព្វផ្សាយ លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់ការចូលរួមថែរក្សាសីលធម៌សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here