ដោយសុជាតា
ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា លើកទី១
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បដាក់ជូនក្រុមការងារចម្រុះ និងតួអង្គពាក់ព័ន្ធ ពិនិត្យនិងផ្តល់ធាតុចូលបំពេញបន្ថែមលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ ត្រូវបានដំណើរការរៀបចំជាផ្លូវការកាលពីដើមឆ្នាំ២០១៩ ដោយក្រុមការងារបច្ចេកទេស សហការជាមួយដៃគូអភិវឌ្ឍន៍ និងជំនាញការអន្តរជាតិ បានសិក្សាប្រមូលទិន្នន័យក្នុងប្រទេស និងទីផ្សារសំខាន់ៗក្រៅប្រទេស រៀបចំជារបាយការណ៍ និងកែសម្រួលស្របតាមទម្រង់ ដែលកំណត់ដោយទីស្តីការគណៈរដ្ឋមន្ត្រី និងបានបញ្ចប់ក្នុងកម្រិតបច្ចេកទេសកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១កន្លងទៅ។
លោក ទិត សីច័ន្ទលី ប្រធានស្តីទីនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បន្តពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់ លើខ្លឹមសារសេចក្តីព្រាងគោលនយោបាយជាតិខាងលើតាមលំដាប់លំដោយនៃមាតិកា និងបានអនុញ្ញាតឱ្យវិស័យឯកជនលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។ បន្ថែមពីនេះ អង្គប្រជុំបានស្នើសុំធ្វើបច្ចុប្បន្នភាពលើទិន្នន័យមួយចំនួន និងកែសម្រួលចំណុចមួយចំនួន ដើមី្បឱ្យឯកសារនេះមានលក្ខណៈត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។ កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី។ បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានលើកបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នារយៈពេល៥ខែដើមឆ្នាំ២០២១ មានជាង៨០ម៉ឺនតោន។ បរិមាណនៃការនាំចេញនេះ មានកំណើនរហូតដល់៣២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ ប្រទេសវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយរបស់កម្ពុជា៕







