ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំក្នុងការបើកសាលារៀនឡើងវិញ អាជ្ញាធរតាមបណ្ដាខេត្តក្នុងនោះរាជធានីភ្នំពេញក៏បានកំពុងនិងជំរុញ ឱ្យអាជ្ញាធររៀបចំសាលារៀននានាដើម្បីត្រៀមបើកឡើងវិញនៅពេលឆាប់ៗ ។

ហើយក្រៅពីការបើកសាលារៀនឡើងវិញនេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្ដីបានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចនឹងអាចបើកដំណើរការឡើងវិញនៅពេលឆាប់ៗនេះដែរ ។
លោកម៉េត មាសភក្ដីបានមានប្រសាសន៍ឆ្លើយនឹងសំនួរតាមប្រព័ន្ធតេលេក្រាមឱ្យដឹងថានៅពេលវេលាដែលសមស្របណាមួយ អាជ្ញាធរនឹងបើកដំណើរការឬបើកទូលាយឡើងវិញនូវសេដ្ឋកិច្ច សកម្មភាពអាជីវកម្ម រមណីយដ្ឋានភោជនីយដ្ឋានអាហារដ្ឋានឡើងវិញហើយ ។ លោកថា៖« ខ្ញុំគិតថាមិនយូរទេ ប្រសិនបើស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩កាន់តែប្រសើរឡើងវិញយើងនឹងបើកដំណើរការវិញហើយ »។

លោកឃួង ស្រេងក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការខណ្ឌទាំង១៤កាលពីពេលថ្មីៗនេះថា ស្ថានភាពកូវីដ១៩នៅរាជធានីភ្នំពេញរយៈពេលចុងក្រោយនេះបានប្រសើរឡើងវិញ ដែលល្អសម្រាប់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ។ការថយចុះចំនួនអ្នកឆ្លងនៅរាជធានីភ្នំពេញនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រើយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញកាលពីប៉ុន្មានខែមុននេះ ។
សម្ដេចតេជោហ៊ុន សែនកាលពីពេលថ្មីៗនេះក៏បានបញ្ជាក់ផងដែរថា ការថយចុះនៃចំនួនអ្នកឆ្លងនៅរយៈពេលចុងក្រោយនេះ គឺជាសញ្ញាវិជ្ជមាននៃការបើកដំណើរការសង្គម សេដ្ឋកិច្ចកម្ពុជា ហើយជំហានដំបូងគឺសាលារៀនដើម្បីឱ្យសិស្សនៅតំបន់ដែលមិនមានការឆ្លងឬឆ្លងតិចតួចអាចចូលរៀនវិញបានខណៈពួកគេមិនបានចូលសាលារៀនជាងកន្លះឆ្នាំមកហើយ ។
ម្ចាស់អាជីវកម្មជាច្រើនកំពុងទន្ទឹងរង់ចាំនូវការបើកឡើងវិញនូវអាជីវកម្មដែលបានរឹតបន្តឹង ដើម្បីឱ្យពួកគេអាចរកចំណូលត្រលប់មកវិញបានក្រោយពីបាត់បង់អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ៕







