មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជាចាប់ផ្ដើមសាងសង់ជាផ្លូវការ

ដោយៈលក្ខិណា

ភ្នំពេញៈ ទីបំផុតមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មី បានចាប់ផ្ដើមសាងសង់ជាផ្លូវការនៅថ្ងៃទី៣កញ្ញា២០២១នេះ នៅក្នុងបរិវេណសាកលវិទ្យាភូមិន្ទភ្នំពេញ។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍នាព្រឹកថ្ងៃទី៣ កញ្ញានេះថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានកិច្ចសហការជាមួយដៃគូជាច្រើន ក្នុងរយៈពេលប៉ុន្មានប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សម្រាប់មជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា គឺជាគម្រោងមួយ ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហកប្រតិបត្តិការអន្តរជាតិកម្ពុជាកូរ៉េ ហៅកាត់ថា KOICA សម្រាប់បង្កើតប្រព័ន្ធបណ្ដុះធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា ដោយមានថវិកាសរុបជិត៨លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “មជ្ឈមណ្ឌលនេះ មានកំពស់៣ជាន់ ដោយមានបន្ទប់ប្រជុំ ការិយា​ល័យការិយាល័យការងាររួម និងបន្ទប់រៀនជាដើម ដែលនឹងបង្កើតនូវបរិយាកាសល្អសម្រាប់សហគ្រិនចាប់ផ្ដើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុន ឧស្សាហកម្ម និងមន្ត្រីរាជរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវដំណោះស្រាយប្រកប ដោយភាពច្នៃប្រឌិតសម្រាប់សង្គមជាតិកម្ពុជា”។

លោកបណ្ឌិតហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំនិងយុវជនកម្ពុជាបានមានប្រ​សាសន៍ថាមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានរៀបចំឡើងសមស្របទោតាមពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌលនេះ គឺជាធាតុផ្សំដ៏សំខាន់ក្នុងការគាំទ្រដល់ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៊ី សម្រាប់ធុរកិច្ចថ្មីនៅកម្ពុជា។

លោក  Rho Hyunjun នាយកទីភ្នាក់ងារ KOICA បានបញ្ជាក់ថា គោលបំណងនៃ គម្រោងនេះ មាន៤ធំៗរួមមាន ទី១ បង្កើតគំរូបណ្ដុះអាជីវកម្ម និងបណ្ដាញទីផ្សារនៅកម្ពុជា ទី២ គាំទ្រដល់មូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសហគ្រិនភាពវ័យក្មេងនៅកម្ពុជា ទី៣ ធ្វើពិពិធកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្មនៃបច្ចេកវិទ្យា ព័ត៌មាននិងទំនាក់ទំនងនៅកម្ពុជា និង៤ ដើម្បីភ្ជាប់និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here