ដោយៈគង់ សូរិយា
ត្បូងឃ្មុំៈ អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានមានប្រសាសន៍ឲ្យដឹងថា លោកមិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីចាប់ផ្តើមសាងសង់ផ្សារ និងបុរីនៅទីរូមខេត្តត្បូងឃ្មុំនៅឡើយទេ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ការវិនិយោគបុរី និងផ្សារនៅទីរូមខេត្តត្បូងឃ្មុំ មិនទាន់កំណត់ចាប់ផ្តើមនៅពេលណានៅឡើយទេ ដោយលោកបាននិយាយទាំងសំណើចផងថា អ្វីៗរង់ចាំមើលស្ថានភាព(ជំងឺកូវីដ១៩)សិន មុននឹងសម្រេចវិនិយោគគំរោងនៅទីរួមខេត្តនេះ។
អ្នកឧកញ៉ាបានបន្តថា “ការវិនិយោគលើគំរោងអ្វីមួយ ត្រូវមានការសិក្សាជាមុនសិន ទើបសម្រេចថាចាប់ផ្តើមនៅពេលណា មានន័យថាយើងគិតហើយចាំគូរ និងរៀបចំផែនការយុទ្ឋសាស្រ្តជាមុន”។
តាមប្រភពព៌តមានពីអ្នកវិនិយោគសាងសង់បុរី និងពុះដីឡូត៍លក់នៅទីរួមខេត្តត្បូងឃ្មុំបានឲ្យដឹងថា អ្នកឧកញ៉ាលី ហួរមានដីបំរ៉ងទុកជាច្រើនហិកតា នៅទីរួមខេត្តនេះ។
ខេត្តត្បូងឃុំត្រូវបានបំបែកចេញពីខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្តានុពលផ្នែកកសិឧស្សាហកម្ម និងកសិកម្ម។
បច្ចុប្បន្នខេត្តនេះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនដែលវិនិយោគទឹកប្រាក់៨០លានដុល្លារអាមេរិក និងមានក្រុមហ៊ុនមួយបានចាប់ផ្តើម សាងសង់ផ្សារនៅទីរួមខេត្តនេះហើយ ខណៈគំរោងបុរីមួយចំនួនបានដំណើរការយឺតៗផងដែរ៕