ការនាំចេញអង្ករក្នុងខែសីហា២០២១នេះបានចាប់ផ្តើមមានសញ្ញាវិជ្ជមាន

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះតាំងពីដើមឆ្នាំ ជាពិសេសគឺចាប់តាំងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈឆ្នាំ២០២១ ប៉ុន្តែការនាំចេញអង្ករកាលពីខែសីហាកន្លងទៅនេះ បានកើនឡើងបន្តិចវិញបើធៀបនឹងខែកក្កដា និងខែសីហា២០២០។



យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅក្នុងខែសីហា២០២១នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន៣៣.៥៨២តោន កើនឡើងប្រមាណ៥១,៧៥ភាគរយ ធៀបនឹងខែសីហា២០២០កន្លងទៅហើយ បើធៀបនឹងខែកក្កដា២០២១ កើនឡើងប្រមាណជាង៤ពាន់តោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២១នេះ មានបរិមានសរុបចំនួន៣៤៣.៤៤៧តោន ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លង ទៅមានការថយចុះប្រមាណជាង១០,៤ម៉ឺនតោន ឬប្រមាន២៣,៣៧ភាគរយ។

បរិមាណអង្កររបស់កម្ពុចាបាននាំចេញ ទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេសមានបរិមាណ៨៨.២៧១តោន ប្រទេសចិនមានបរិមាណសរុប១៦៥.៦១២តោន កើនឡើងប្រមាណ៣,៩៩ភាគរយ ដែលជាទីផ្សារធំជាងគេ ទិសដៅអាស៊ានមាន៧ប្រទេ​សមានបរិមាណសរុប ចំនួន៣៥.៥៥៣តោន ថយចុះរហូតដល់៤១,៦៥ភាគរយ និងទិសដៅដទៃទៀតចំនួន២២ ប្រទេសមានបរិមាណសរុប៥៤.០១១តោន។

ក្នុងរបាយការណ៍របស់លោកវេង សាខុនឱ្យដឹងទៀតថា ក្រុមហ៊ុនដែលនាំចេញអង្ករមានចំនួន៥៩ ក្រុមហ៊ុនហើយបរិមាណអង្ករ ដែលនាំចេញដោយក្រុមហ៊ុនធំៗចំនួនមានរហូតដល់២៤៧.៩០៣តោន និងក្រុមហ៊ុនដទៃទៀតមានត្រឹមតែ៩៥.៥៤៤តោន ។

ការនាំចេញអង្កររយៈពេល៨ខែដើម ឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ត្រលប់មកវិញ ប្រមាណ២៩១,៩២លានដុល្លារអាមេរិក ខណៈការនាំចេញស្រូវវិញមានទឹកប្រាក់ប្រមាណ៣៩៣,២១លានដុល្លារអាមេរិក។

លោកវេង សាខុនបញ្ជាក់ថា “ការនាំចេញអង្ករមានការថយចុះបែបនេះ ដោយសារតែកង្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើងក្នុងឆ្នាំ២០២១នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here