ដោយៈសុខុម
បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Edmund Tie & Co Thailand និយាយថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ ដែលបានផ្ទុះអំពើហិង្សា នឹងជះផលប៉ះពាល់មកលើតម្រូវការខុនដូពីសំណាក់អ្នកទិញជាជនបរទេស បើទោះបីជារដ្ឋាភិបាល ចាត់វិធានការបន្ធូរបន្ថយខ្លះ លើការបិទខ្ទប់នៅខែក្រោយក៏ដោយ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៣០ សីហា នេះ។
លោកស្រី Neeranuch Kanokvilairat នាយកគ្រប់គ្រងផ្នែកការស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុន Edmund Tie បានថ្លែងថា ជនបរទេសដែលចាប់អារម្មណ៍លើខុនដូក្នុងក្រុងបាងកក ជាពិសេសអ្នកមកពីប្រទេសសិង្ហបុរី កោះតៃវ៉ាន់ ក្រុងហុងកុង និងប្រទេសចិន បានចាប់ផ្តើមព្រួយបារម្ភ អំពីបាតុកម្មតវ៉ាដែលកំពុងកើតមានឡើង។
លោកស្រីបានបន្ថែមថា “ពួកគេបានពន្យារពេលទិញ ទោះបីជាខុនដូលក់ក្នុងតម្លៃល្អ អំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ក៏ដោយ។ ពួកគេនឹងមានសុទិដ្ឋិនិយមឡើងវិញចំពោះទីផ្សារ ប្រសិនបើរដ្ឋាភិបាលអាចដោះស្រាយស្ថានការណ៍ និងកាត់បន្ថយអំពើហិង្សាបានល្អ”។
យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (Real Estate Information Center) ឱ្យដឹងថា ខុនដូដែលបានផ្ទេរទៅឱ្យជនបរទេស ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះមានចំនួនសរុប៤.៣៥៨យូនីត ដោយកើនឡើង១៤,៦% ហើយគិតជាទឹកប្រាក់ស្មើនឹង២០.៥ពាន់លានបាត (៦៣២លានដុល្លារអាមេរិក) ដោយកើនឡើង៣១%។
ជនជាតិចិន គឺជាអ្នកទិញច្រើនបំផុត ជាមួយនឹងចំនួន២.៧៤៨យូនីត ដោយកើនឡើង៦៣% ហើយគិតជាទឹកប្រាក់ស្មើនឹង១២.៦ពាន់លានបាត (៣៨៨លានដុល្លារអាមេរិក) ដោយកើនឡើង៦២%នៃចំនួនសរុប។
ចំណែកឯជនជាតិផ្សេងៗទៀត ដែលស្ថិតក្នុងចំណោមអ្នកទិញកំពូលទាំង១០ រួមមានជនជាតិរុស្ស៊ី អង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក តៃវ៉ាន់ សិង្ហបុរី ជប៉ុន និងឥណ្ឌា។
លោកស្រី Neeranuch Kanokvilairat បានថ្លែងថា នៅពេលជនបរទេស គិតចង់ទិញផ្ទះទី២ តែងតែគិតដល់ខុនដូ នៅក្រុងបាងកកមុនគេ។ ភ្នាក់ងារបរទេសនៅប្រទេសចិន និងក្រុងហុងកុង ចូលចិត្តទីតាំងល្អៗ និងគម្រោងខុនដូដែលមានសក្តានុពលធំៗ។
អត្រាទិញខុនដូក្នុងត្រីមាសទី២ បានកើនឡើងជាង៣១% បើធៀបនឹងត្រីមាសទី១។ ទោះជាយ៉ាងណា លោកស្រីបានលើកឡើងថា ទីផ្សារខុនដូក្រុងបាងកក បានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន។ លោកស្រីបានបញ្ជាក់ថា “អត្រាទាបបំផុតគឺមិនដែលធ្លាក់ចុះក្រោម៤០%ឡើយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ”៕